ព័ត៌មានអន្តរជាតិ

ADB ព្យាករណ៍ថា កំណើន សេដ្ឋកិច្ច របស់ប្រទេស នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក ក្នុងឆ្នាំ២០២៤ និង២០២៥ នឹងកើនឡើង៤,៩ភាគរយ

Xinhua

ម៉ានីល៖ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា (ADB) បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា សេដ្ឋកិច្ចរបស់ប្រទេសនៅអាស៊ី និងប៉ាស៊ីហ្វិក នៅតែរឹងមាំ ជាមួយនឹង អត្រាកំណើននៅក្នុងសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ក្នុងតំបន់ដែលត្រូវបានព្យាករថា នឹងកើនឡើងដល់៤,៩ភាគរយ នៅក្នុងឆ្នាំ២០២៤និងឆ្នាំ២០២៥ ។

នេះបើយោងតាមរបាយការណ៍ពីទស្សនវិស័យចុងក្រោយរបស់ខ្លួនបានបង្ហាញឲ្យដឹងដូច្នេះ ។
ទោះបីជាមានភាពមិនច្បាស់លាស់ នៅក្នុងបរិយាកាសខាងក្រៅ រួមទាំងការកើនឡើងនៃភាពតានតឹង ភូមិសាស្ត្រនយោបាយក៏ដោយ ទស្សនវិស័យ “មានភាពវិជ្ជមានយ៉ាងទូលំទូលាយ” ដែលបានរៀបរាប់ឲ្យដឹង នៅក្នុងរបាយការណ៍ទស្សនវិស័យប្រចាំឆ្នាំ ។

លោក Albert Park ប្រធានសេដ្ឋវិទូរបស់ធនាគារ ADB បានលើកឡើងនៅក្នុងរបាយការណ៍ថា ការបញ្ចប់វដ្តនៃការឡើងអត្រាការប្រាក់ នៅក្នុងសេដ្ឋកិច្ចភាគច្រើន ក៏ដូចជាការបន្តការងើបឡើងវិញ នៃការនាំចេញទំនិញពីការកើនឡើងនៅក្នុងវដ្តនៃផលិតផល ពាក់កណ្តាលសម្រេចនឹងជំរុញឲ្យមានកំណើន ។

នៅក្នុងរបាយការណ៍នេះបានដាក់ថា កំណើនដ៏រឹងមាំនៅ ក្នុងតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ នឹងនាំឲ្យដំណើរការក្នុងតំបន់នេះ ដោយជំរុញឱ្យអ្នកបង្កើតគោលនយោបាយ លើកកម្ពស់ភាពធន់ ដោយបន្តលើកកម្ពស់ពាណិជ្ជកម្ម ការវិនិយោគឆ្លងព្រំដែន និងបណ្តាញផ្គត់ផ្គង់ទំនិញ ។

របាយការណ៍ក៏បានព្យាករណ៍ផងដែរថា អតិផរណានៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ក្នុងតំបន់ត្រូវបានព្យាករណ៍ថា នឹងបន្តធ្លាក់ចុះជាបណ្តើរៗពី៣,៣ភាគរយនៅឆ្នាំ២០២៣ដល់៣,២ភាគរយនៅឆ្នាំ២០២៤ ដោយបានកើនឡើងបន្ថែមទៀតដល់៣ភាគរយនៅឆ្នាំ២០២៥ ។

ទន្ទឹមនឹងនេះដែរ របាយការណ៍នេះ បានព្រមានអំពីបញ្ហាប្រឈមជាច្រើនចំពោះតំបន់ ដោយបង្ហាញពីភាពងាយរង គ្រោះក្នុងតំបន់ចំពោះភាពតានតឹង និងជម្លោះភូមិសាស្ត្រនយោបាយ ដែលអាចរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ និងសម្ពាធអតិផរណាដែលបន្តកើតឡើង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top