គៀវ៖ ទីភ្នាក់ងារព័ត៌មានចិន Xinhua បានចុះផ្សាយ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤នេះថា អាជ្ញាធរនៅក្នុងតំបន់ បានរាយការណ៍មកថា ប្រទេសរុស្ស៊ី បានបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើកធ្វើការ វាយលុកដ៏ធំសម្បើមទៅលើកន្លែង ថាមពលនៅក្នុងតំបន់ចំនួន ៥របស់ប្រទេសអ៊ុយក្រែន កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ ។
លោក German Galushchenko រដ្ឋមន្ត្រីថាមពលអ៊ុយក្រែន បានថ្លែងនៅលើបណ្តាញសង្គម Facebook ថា គ្រឿងបរិក្ខារផលិតថាមពល និងប្រព័ន្ធបញ្ជូនថាមពលនៅក្នុងតំបន់ Kharkiv ភាគខាងកើត តំបន់ Zaporizhzhia ភាគខាងត្បូង តំបន់ Lviv ភាគខាងលិច និងតំបន់កណ្តាល Kiev បានរងការវាយប្រហារ ។
ក្រៅពីនេះ កំទេចកំទីពីយន្តហោះគ្មានមនុស្សបើក Shahed ដែលធ្លាក់បានបណ្តាល ឱ្យមានអគ្គីភ័យនៅរោងចក្រ ថាមពលមួយក្នុងតំបន់ Odesa ដែលស្ថិតនៅភាគខាងត្បូង ។ លោក Oleh Kiper អភិបាលគ្រប់គ្រង Odesa បានសរសេរនៅលើ Telegramថាយ៉ាងដូច្នេះ ។
លោក Oleg Synegubov អភិបាលក្រុង Kharkiv បានលើកឡើងថា គ្រួសារប្រហែល២០០.០០០នៅក្នុងតំបន់ Kharkiv គ្មានអគ្គិសនីប្រើប្រាស់ បន្ទាប់ពីមីស៊ីលចំនួន១០គ្រាប់បានវាយប្រហារមកលើទីក្រុង Kharkiv ។
លោក Synegubov បញ្ជាក់ថា ស្ថានីយ៍រថភ្លើងក្រោមដីនៅ Kharkiv បច្ចុប្បន្នកំពុងក្លាយជាជម្រក ។
ក្រុមហ៊ុនថាមពលឯកជនដ៏ធំបំផុត របស់ប្រទេសអ៊ុយក្រែន DTEK បានរាយការណ៍មកថា បរិក្ខារនៅរោងចក្រ ថាមពលកម្តៅចំនួន២របស់ខ្លួន ត្រូវបានខូចខាតនៅក្នុងការវាយប្រហារនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា