ព័ត៌មានអន្តរជាតិ

វៀតណាម ស្នើឱ្យកម្ពុជា ចែករំលែកព័ត៌មានអំពីព្រែកជីកហ្វូណនតេជោ

VN Express

បរទេស៖ ប្រទេសវៀតណាមកាលពីថ្ងៃព្រហស្បតិ៍បានស្នើឱ្យកម្ពុជាចែករំលែកព័ត៌មាន និងវាយតម្លៃផលប៉ះពាល់នៃគម្រោងព្រែកជីកហ្វូណនតេជោ លើបញ្ហាធនធានទឹក និងបរិស្ថានអេកូឡូស៊ីនៃតំបន់ដីសណ្ដមេគង្គ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា អ្នកនាំពាក្យរងក្រសួងការបរទេសលោក Doan Khac Viet បាននិយាយនៅក្នុងកិច្ចជំនួបជាមួយសារព័ត៌មានជាទៀងទាត់ថា “វៀតណាមគាំទ្រការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសទាំងអស់នៅក្នុងតំបន់ដីសណ្ដទន្លេមេគង្គ ហើយយើងវាយតម្លៃខ្ពស់ចំពោះការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងទឹក និងការប្រើប្រាស់ទឹកទន្លេមេគង្គប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាព”។

លោកបានឆ្លើយសំណួរទាក់ទងនឹងគម្រោងរបស់កម្ពុជាក្នុងការសាងសង់ព្រែកជីកហ្វូណនតេជោ ដែលប៉ាន់ស្មានថាចំណាយអស់ ១,៧ ពាន់លានដុល្លារ ហើយនឹងត្រូវសាងសង់ដោយក្រុមហ៊ុនចិនតាមរយៈវិធីសាស្ត្រសាងសង់-ប្រតិបត្តិការ-ផ្ទេរ។

ព្រែកជីកនេះដែលរំពឹងថាមានប្រវែង ១៨០ គីឡូម៉ែត្រនឹងតភ្ជាប់កំពង់ផែទន្លេភ្នំពេញជាមួយឈូងសមុទ្រថៃនៅភាគនិរតីនៃប្រទេសកម្ពុជា។ ព្រែកជីកនេះត្រូវបានគេរំពឹងថានឹងចូលដំណើរការនៅឆ្នាំ២០២៨ នេះបើយោងតាមឯកសារដែលកម្ពុជាផ្ញើជូនគណៈកម្មការទន្លេមេគង្គក្នុងខែសីហា ឆ្នាំ២០២៣។

លោកបន្ថែមថា “វៀតណាមបានស្នើឱ្យកម្ពុជារក្សាកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយវៀតណាម គណៈកម្មការទន្លេមេគង្គ និងពិភពលោកក្នុងការចែករំលែកព័ត៌មាន និងវាយតម្លៃផលប៉ះពាល់នៃរចនាសម្ព័ន្ធលើធនធានទឹក និងបរិស្ថានអេកូឡូស៊ីនៃតំបន់ដីសណ្តទន្លេមេគង្គ ដើម្បីធានាថាផលប្រយោជន៍របស់ប្រទេសតាមដងទន្លេ និង ប្រជាជនក្នុងតំបន់រក្សាភាពសុខដុមរមនា”៕ ប្រែសម្រួលៈ ណៃ តុលា

To Top