ព័ត៌មានអន្តរជាតិ

ក្រសួងការពារជាតិចិនបង្ហាញថា ដាច់ខាតមិនបណ្តោយឱ្យហ្វីលីពីនបង្កបញ្ហាដោយមិនសមហេតុផលឡើយ

រសៀលថ្ងៃទី១២ខែមេសា លោកវរសេនីយ៍ឯក Wu Qian អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាននិងជាអ្នកនាំពាក្យក្រសួងការពារជាតិចិនបានប្រកាសព័ត៌មានស្តីពីបញ្ហាពាក់ព័ន្ធរឿងយោធាក្នុងពេលថ្មីៗនេះ។

មានអ្នកសារព័ត៌មានបានសួរថា ពេលថ្មីៗនេះ សហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលីនិងហ្វីលីពីនបានធ្វើសមយុទ្ធជើងទឹកចម្រុះជាលើកដំបូង ។ រដ្ឋមន្រ្តីការពារជាតិនៃប្រទេសទាំង៤បានអះអាងក្នុងសេចក្តីថ្លែងការណ៍រួមថា ការធ្វើសមយុទ្ធលើកនេះគឺក្នុងគោលបំណងបង្ហាញពី “ការសន្យាជាសមូហភាព”ដែលបង្កើនកិច្ចសហប្រតិបត្តិការ ។

តាមការផ្សាយដំណឹងផ្សេងបានឱ្យដឹងថា អ្នកដឹកនាំសហរដ្ឋអាមេរិក ជប៉ុន និងហ្វីលីពីនបានបើកធ្វើកិច្ចប្រជុំកំពូលត្រីភាគីក្នុងពេលថ្មីៗកន្លងទៅនេះ សហរដ្ឋអាមេរិកបានអះអាងថាការវាយប្រហារណាមួយដែលសំដៅចំពោះយន្តហោះ នាវាឬកងកម្លាំងប្រដាប់អាវុធរបស់ហ្វីលីពីននឹងប៉ះពាល់ដល់«កិច្ចព្រមព្រៀងការពាររួមរវាងសហរដ្ឋអាមេរិកនិងហ្វីលីពីន»។ សូមសួរថាតើប្រទេសចិនមានអធិប្បាយយ៉ាងដូចម្តេចចំពោះរឿងនេះ?
លោក Wu Qian បានថ្លែងថា ប្រទេសចិនយល់ឃើញជាប់រហូតមកថា កិច្ចសហប្រតិបត្តិការផ្នែកកិច្ចការពាររវាងប្រទេសណាសុទ្ធតែមិនគួរសំដៅចំពោះប្រទេសផ្សេងនោះទេ ហើយក៏មិនគួរបង្កផលប៉ះពាល់ដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់ដែរ។
សមុទ្រចិនខាងត្បូងគឺជាផ្ទះរួមរបស់ប្រទេសក្នុងតំបន់ យើងផ្តួចផ្តើមជាប់រហូតមកឱ្យដោះស្រាយការខ្វែងគំនិតដោយសមរម្យតាមរយៈការចរចានិងការពិគ្រោះពិភាក្សា ប្រឆាំងយ៉ាងដាច់ខាតចំពោះការជ្រៀតជ្រែកពីកម្លាំងខាងក្រៅ ប្រឆាំងយ៉ាងដាច់ខាតចំពោះការបង្ករឿងហេតុដើម្បីបង្កើតស្ថានការណ៍តានតឹងក្នុងតំបន់៕

To Top