ព័ត៌មានអន្តរជាតិ

ចិន កោះហៅ​មន្ត្រី​ជប៉ុន ជុំវិញ​ជំហរ​អវិជ្ជមាន​ក្នុង​កិច្ចប្រជុំ​កំពូល​របស់​អាមេរិក

Kyodo

ប៉េកាំង៖ ក្រសួងការបរទេសចិនបានឲ្យដឹងថា ប្រទេសចិន បានកោះហៅអ្នកការទូតជាន់ខ្ពស់ជប៉ុនម្នាក់កាលពីថ្ងៃសុក្រ ដើម្បីដាក់ពាក្យបណ្តឹងដែលអះអាងថា ទីក្រុងតូក្យូ បានបង្ហាញពីគោលជំហរ “អវិជ្ជមាន” ចំពោះទីក្រុងប៉េកាំងក្នុងអំឡុងពេលកិច្ចប្រជុំកំពូលជប៉ុន-សហរដ្ឋអាមេរិក និងនៅក្នុងកិច្ចចរចាត្រីភាគីដែលពាក់ព័ន្ធនឹងហ្វីលីពីន ដែលបានធ្វើឡើងនៅទីក្រុងវ៉ាស៊ីនតោន។

លោក Liu Jinsong អគ្គនាយកនៃនាយកដ្ឋានកិច្ចការអាស៊ីរបស់ក្រសួងការបរទេសចិន បានធ្វើ “តំណាងដ៏ឧឡារិក” ហើយបានសម្តែង “ការព្រួយបារម្ភយ៉ាងខ្លាំង និងការមិនពេញចិត្តយ៉ាងខ្លាំង” ទាក់ទងនឹងកិច្ចប្រជុំកំពូលទាំងពីរនៅក្នុងជំនួបជាមួយលោក Akira Yokochi នៅស្ថានទូតជប៉ុន ប្រចាំប្រទេសចិន។

ស្ថានទូតបានឲ្យដឹងថាលោក Yokochi បានពន្យល់ពីគោលជំហររបស់ទីក្រុងតូក្យូ ចំពោះលោក Liu ហើយបានផ្លាស់ប្តូរទស្សនៈជាមួយគាត់អំពីទំនាក់ទំនងទ្វេភាគី និងបញ្ហានៃក្តីកង្វល់រួម។

ក្រសួងបានឲ្យដឹងថា លោក Liu ក៏បានជួបជាមួយឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅប្រទេសចិន Jaime Flor Cruz កាលពីថ្ងៃសុក្រ ហើយបានធ្វើ “តំណាងដ៏ឧឡារិក” ទាក់ទងនឹង “ពាក្យសម្ដី និងទង្វើអវិជ្ជមាន” របស់ទីក្រុងម៉ានីល ទាក់ទងនឹងប្រទេសចិន ក្នុងអំឡុងកិច្ចប្រជុំកំពូលត្រីភាគី។

មេដឹកនាំនៃសហរដ្ឋអាមេរិក ជប៉ុន និងហ្វីលីពីនកាលពីថ្ងៃព្រហស្បតិ៍ បានព្រមព្រៀងគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសេដ្ឋកិច្ចរបស់ពួកគេនៅក្នុងសកម្មភាពមួយក្នុងគោលបំណងរុញច្រានប្រឆាំងនឹងមហិច្ឆតារបស់ចិន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

កិច្ចប្រជុំកំពូលត្រីភាគីបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំកាលពីថ្ងៃពុធរវាងប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា នៅរដ្ឋធានីសហរដ្ឋអាមេរិក ជាកន្លែងដែលពួកគេបានយល់ព្រមពង្រឹងសម្ព័ន្ធភាពសន្តិសុខទ្វេភាគីរបស់ពួកគេជាមួយនឹងការអះអាងយោធា ដែលកំពុងកើនឡើងរបស់ប្រទេសចិននៅក្នុងតំបន់៕

ប្រែសម្រួល ឈូក បូរ៉ា

To Top