ព័ត៌មានអន្តរជាតិ

ជប៉ុន អាមេរិក កូរ៉េខាងត្បូង ធ្វើសមយុទ្ធដែនសមុទ្ររួមគ្នា នៅសមុទ្រចិនខាងកើត

Kyodo

តូក្យូ៖ កងកម្លាំងស្វ័យការពារដែនសមុទ្ររបស់ជប៉ុនបានឲ្យដឹងថា ប្រទេសជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានធ្វើសមយុទ្ធរួមគ្នានៅសមុទ្រចិនខាងកើត ក្នុងកិច្ចខិតខំប្រឹងប្រែងជាក់ស្តែងមួយ ដើម្បីបង្កើនការរារាំងប្រឆាំងនឹងប្រទេសចិន និងកូរ៉េខាងជើង។

សមយុទ្ធរយៈពេលពីរថ្ងៃចាប់ពីថ្ងៃព្រហស្បតិ៍ ដែលពាក់ព័ន្ធនឹងក្រុមវាយប្រហារតាមនាវារបស់សហរដ្ឋអាមេរិក ដឹកនាំដោយនាវា Theodore Roosevelt ដើរដោយថាមពលនុយក្លេអ៊ែរ បានធ្វើឡើងខណៈដែលនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា កំពុងបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក ដើម្បីពិភាក្សាជាមួយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន។

វាគឺជាសមយុទ្ធហ្វឹកហ្វឺនត្រីភាគីលើកដំបូងសម្រាប់ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តសន្តិសុខអាស៊ីបូព៌ាពីររបស់ខ្លួននៅក្នុងសមុទ្រចិនខាងកើត ដែលទីក្រុងប៉េកាំង បាននិងកំពុងពង្រឹងការអះអាងដែនសមុទ្ររបស់ខ្លួនចាប់តាំងពីខែមករាមក។

កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង ក៏នៅតែជាការគំរាមកំហែងសន្តិសុខក្នុងតំបន់ដ៏សំខាន់ផងដែរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

យោងតាម ​​MSDF នាវាពិឃាតជប៉ុន Ariake និងនាវាពិឃាតកូរ៉េខាងត្បូង Seoae Ryu Seong-ryong ក៏បានចូលរួមក្នុងសមយុទ្ធនេះផងដែរ ដែលរួមមានសមយុទ្ធប្រឆាំងនាវាមុជទឹក និងប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top