ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល ត្រៀម​ខ្លួន​សម្រាប់​ការ​សងសឹក​អ៊ីរ៉ង់ ក្នុង​ការ​សម្របសម្រួល​ជាមួយ​អាមេរិក

Xinhua

យេរ៉ូសាឡឹម៖ ប្រមុខយោធាអ៊ីស្រាអែល លោក Herzi Halevi បានឲ្យដឹងថា កងទ័ពត្រូវបានរៀបចំឡើង ដោយមានការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) សម្រាប់ការវាយប្រហារសងសឹកលើអ៊ីរ៉ង់។

អ៊ីស្រាអែល ស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់កាលពីថ្ងៃសុក្រ ខណៈដែលការព្រមានកើនឡើងអំពីការសងសឹករបស់អ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល លើស្ថានទូតអ៊ីរ៉ង់នៅទីក្រុងដាម៉ាស ដែលក្នុងនោះមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ចំនួន ៧នាក់ត្រូវបានសម្លាប់។

រូបថតដែលចេញផ្សាយដោយយោធាបានបង្ហាញថា មេបញ្ជាការ CENTCOM ឧត្តមសេនីយ៍ Michael Erik Kurilla ចូលរួមក្នុងកិច្ចប្រជុំវាយតម្លៃស្ថានភាពនៅទីក្រុង Tel Aviv រួមជាមួយលោក Halevi និងមេបញ្ជាការជាន់ខ្ពស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) ផ្សេងទៀតកាលពីថ្ងៃសុក្រ។

លោក Halevi បានលើកឡើងថា ” កងកម្លាំង IDF ត្រូវបានរៀបចំយ៉ាងខ្លាំង ទាំងការវាយលុក និងការការពារប្រឆាំងនឹងការគំរាមកំហែងណាមួយ” ដោយបន្ថែមថា យោធាកំពុងរៀបចំជានិច្ច ដើម្បីដោះស្រាយជាមួយនឹងការគំរាមកំហែងដែលមានស្រាប់ និងសក្តានុពលក្នុងការសម្របសម្រួលជាមួយកងកម្លាំងប្រដាប់អាវុធសហរដ្ឋអាមេរិក។

ក្រោយមកនៅក្នុងសន្និសីទសារព័ត៌មានមួយ អ្នកនាំពាក្យ IDF លោក Daniel Hagari បានឲ្យដឹងថា កិច្ចប្រជុំរួមគ្នានេះត្រូវបានធ្វើឡើង ដើម្បី “ធានាឱ្យមានការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងពួកយើង”៕ប្រែសម្រួល ឈូក បូរ៉ា

To Top