ព័ត៌មានអន្តរជាតិ

អ៊ីតាលី អំពាវនាវ​ដល់​អ៊ីរ៉ង់ ឲ្យមានការអត់ធ្មត់ ជុំវិញ​ការ​ឆ្លើយតប ចំពោះ​ការ​វាយប្រហារ​ស្ថានកុងស៊ុល​របស់​អ៊ីស្រាអែល

Xinhua

តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian និងសមភាគីអ៊ីតាលី លោក Antonio Tajani បានសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃសុក្រ ស្តីពីទំនាក់ទំនងទ្វេភាគី និងការអភិវឌ្ឍន៍ក្នុងតំបន់ អំពាវនាវ​ដល់​អ៊ីរ៉ង់ ឲ្យមានការអត់ធ្មត់ ជុំវិញ​ការ​ឆ្លើយតប ចំពោះ​ការ​វាយប្រហារ​ស្ថានកុងស៊ុល​របស់​អ៊ីស្រាអែល។

នៅក្នុងកិច្ចពិភាក្សានោះ លោក Amir-Abdollahian បានឲ្យដឹងថា អ៊ីរ៉ង់តែងតែដើរតួជាផ្នែកវិជ្ជមានក្នុងការអភិវឌ្ឍន៍ក្នុងតំបន់ និងបានចំណាយច្រើនសន្ធឹកសន្ធាប់ ដើម្បីធានាបាននូវស្ថិរភាព និងសន្តិសុខក្នុងតំបន់នេះ បើយោងតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយក្រសួងការបរទេសអ៊ីរ៉ង់។

លោកបានលើកឡើងថា អ៊ីរ៉ង់រំពឹងថា ប្រទេសអ៊ីតាលី នឹងចាប់យកឱកាសនៃក្រុមប្រធានប្ដូរវេនក្រុមប្រទេសទាំង៧ ដើម្បីបញ្ចប់ “ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មសង្គ្រាម” របស់អ៊ីស្រាអែល នៅក្នុងតំបន់ហ្គាហ្សា និងវេសបែង។

ចំណែកលោក Tajani បានស្នើឱ្យក្រុងតេអេរ៉ង់ អនុវត្តការអត់ធ្មត់ជាប្រតិកម្មតបទៅនឹងការវាយប្រហារដ៏សាហាវរបស់អ៊ីស្រាអែល ទៅលើផ្នែកកុងស៊ុលនៃស្ថានទូតអ៊ីរ៉ង់ ក្នុងរដ្ឋធានីដាម៉ាស់ ប្រទេសស៊ីរី។

បន្ទាប់ពីការវាយប្រហារ លោក Tajani បានឲ្យដឹងថា “យើងរួមគ្នាជាមួយសហភាពអឺរ៉ុប បានថ្កោលទោសការឈ្លានពាននេះ” ដោយសង្កត់ធ្ងន់ថា វាច្បាស់ណាស់ថា បេសកកម្មការទូតមិនគួរត្រូវបានវាយប្រហារឡើយ។

អ្នកការទូតទាំងពីរក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធានាការដឹកជញ្ជូន និងសន្តិសុខដែនសមុទ្រនៅសមុទ្រក្រហម ដោយលោក Tanaji បានអំពាវនាវឱ្យបន្តតួនាទីវិជ្ជមានរបស់អ៊ីរ៉ង់ ក្នុងការដោះស្រាយភាពតានតឹង និងការលើកកម្ពស់សន្តិភាពប្រកបដោយនិរន្តរភាពនៅក្នុងតំបន់៕ ប្រែសម្រួល ឈូក បូរ៉ា

To Top