បរទេស៖យោងតាមការចេញផ្សាយរបស់ RT ក្រសួងការបរទេសរបស់អ៊ីស្រាអែលបានអំពាវនាវឱ្យមានការរឹតបន្តឹងទណ្ឌកម្មអន្តរជាតិលើអ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហាររបស់សាធារណរដ្ឋអ៊ីស្លាមនេះមកលើប្រទេស
កាលពីចុងសប្តាហ៍។
ទីក្រុងតេហរ៉ង់បានធ្វើការវាយប្រហារតាមអាកាសដ៏ធំលើទឹកដីអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍ជាការឆ្លើយតបទៅនឹងការទម្លាក់គ្រាប់បែកលើស្ថានទូតអ៊ីរ៉ង់នៅទីក្រុងដាម៉ាសប្រទេសស៊ីរីកាលពីដើមខែនេះហើយ អ៊ីស្រាអែលមិនបានបញ្ជាក់
ឬបដិសេធតួនាទីរបស់ខ្លួនក្នុងការទម្លាក់គ្រាប់បែកនោះទេ ប៉ុន្តែក្រោយមកការទទួលខុសត្រូវរបស់ខ្លួនត្រូវបានបញ្ជាក់ដោយរដ្ឋមន្ត្រីការពារជាតិ Yoav Gallant។
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល Israel Katz បាននិយាយកាលពីថ្ងៃអង្គារថា លោកបានទាក់ទងប្រទេសចំនួន៣២ និងបាននិយាយជាមួយសមភាគីជាច្រើន ដោយអំពាវនាវឱ្យប្រទេសនីមួយៗដាក់ទណ្ឌកម្មលើគម្រោងមីស៊ីលរបស់អ៊ីរ៉ង់
និងប្រកាសឆ្មាំបដិវត្តន៍ជាអង្គការភេរវកម្ម ជាមធ្យោបាយមួយដើម្បីបញ្ឈប់ និងធ្វើឱ្យអ៊ីរ៉ង់ចុះខ្សោយ។
គួររំលឹកដែរថាអ៊ីរ៉ង់តែងតែស្ថិតជាគោលដៅនៃទណ្ឌកម្មអន្តរជាតិជាច្រើនទសវត្សរ៍មកហើយជុំវិញកម្មវិធីអភិវឌ្ឍន៍នុយក្លេអ៊ែររបស់ខ្លួនហើយ ទណ្ឌកម្មត្រូវបានបន្ធូរបន្ថយបន្តិចក្នុងឆ្នាំ ២០១៥នៅពេលដែលទីក្រុងតេហរ៉ង់បានយល់ព្រមលើការ
រឹតបន្តឹងមួយចំនួនចំពោះកម្មវិធីក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលត្រូវបានគេស្គាល់ជាផ្លូវការថាជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) រវាងអ៊ីរ៉ង់ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ រុស្ស៊ី ចិន និងសហភាព
អឺរ៉ុបផង៕
ប្រែសម្រួល៖ស៊ុនលី