ព័ត៌មានអន្តរជាតិ

ប៉ូឡូញ ចង់ចូលរួមក្នុងគម្រោងខែលការពារ ដែនអាកាសអឺរ៉ុប បន្ទាប់ពីការវាយប្រហាររបស់អ៊ីរ៉ង់ ទៅលើអ៊ីស្រាអែល

Sputnik

បរទេស៖ នាយករដ្ឋមន្រ្តីលោក Donald Tusk បានប្រកាសថា ប្រទេសប៉ូឡូញគ្រោងនឹងចូលរួមក្នុងការអភិវឌ្ឍន៍ប្រព័ន្ធការពារដែនអាកាសអឺរ៉ុប ដែលនឹងការពាររដ្ឋនានាប្រឆាំងនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងកាំជ្រួចមីស៊ីល។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា អ្វីដែលគេហៅថា European Sky Shield Initiative ត្រូវបានប្រកាសជាលើកដំបូងដោយអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz នៅក្នុងសុន្ទរកថានៅទីក្រុង Prague ក្នុងខែសីហា ឆ្នាំ២០២២។ ចាប់តាំងពីពេលនោះមក មានប្រទេសចំនួន ២១ បានចូលរួមក្នុងគម្រោងនេះ។

យោងតាម លោក Tusk , ការវាយប្រហារនាពេលថ្មីៗនេះរបស់អ៊ីរ៉ង់ទៅលើអ៊ីស្រាអែលបង្ហាញពីសារៈសំខាន់នៃការមានប្រព័ន្ធការពារដែនអាកាសស្រដៀងទៅនឹង Iron Dome របស់អ៊ីស្រាអែល។

នាយករដ្ឋមន្ត្រីប៉ូឡូញ បាននិយាយថា “គ្មានហេតុផលសម្រាប់អឺរ៉ុប មិនបង្កើតខែលរបស់ខ្លួនប្រឆាំងនឹងគ្រាប់រ៉ុក្កែត និងយន្តហោះគ្មានមនុស្សបើកនោះទេ”។ វាមិនត្រូវការការស្រមើស្រមៃច្រើនទេក្នុងការយល់ថាយើងអាចនឹងស្ថិតក្នុងតំបន់គ្រោះថ្នាក់ផងដែរ”។

លោក Tusk បានជំរុញឱ្យប្រទេសសមាជិកជំរុញការវិនិយោគការពារដែនអាកាស ដោយផ្តល់នូវការប្រើប្រាស់សកម្មនៃមីស៊ីល និងយន្តហោះគ្មានមនុស្សបើកនៅក្នុងជម្លោះអ៊ុយក្រែន។ លោកក៏បានចង្អុលបង្ហាញការប្រើដ្រូន (យន្តហោះគ្មានមនុស្សបើក) Shahed របស់អ៊ីរ៉ង់ដោយរុស្ស៊ីដើម្បីវាយប្រហារគោលដៅអ៊ុយក្រែន៕

ប្រែសម្រួលៈ ណៃ តុលា

To Top