ព័ត៌មានអន្តរជាតិ

មនុស្សរាប់រយនាក់ ត្រូវបានជម្លៀសខ្លួនចេញ ក្រោយពីភ្នំភ្លើងមួយនៅភាគខាងជើងឥណ្ឌូនេស៊ី បានផ្ទុះឡើង

ហ្សាការតា៖ ទីភ្នាក់ងារតាមដានភ្នំភ្លើងរបស់ប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងនៅថ្ងៃពុធនេះថា យ៉ាងហោចណាស់មនុស្សចំនួន៨០០នាក់នៅក្នុងខេត្ត Sulawesi ខាងជើងនៃប្រទេសឥណ្ឌូនេស៊ី ត្រូវបានជម្លៀសចេញក្រោយពីមានការផ្ទុះជាច្រើនលើកនៃភ្នំភ្លើង Ruang ក្នុងតំបន់នេះ ដែលអស់រយៈពេលជាច្រើនថ្ងៃបានបញ្ចេញកម្អែ និងផេះភ្នំភ្លើងប៉ើងទៅលើមេឃ ។

ភ្នំភ្លើងដែលមានទីតាំងនៅលើកោះ Ruang ចម្ងាយប្រហែល១០០គីឡូម៉ែត្រពីទីរួមខេត្ត Manado បានផ្ទុះលើសពី៣ដងចាប់តាំងពីថ្ងៃអង្គារ ។

លោកស្រី Heruningtyas Desi Purnamasari មន្ត្រីបម្រើការនៅមជ្ឈមណ្ឌលសម្រាប់គ្រោះមហន្តរាយភ្នំភ្លើង និងភូគព្ភសាស្ត្រ ហៅកាត់ថា (PVMBG) របស់ឥណ្ឌូនេស៊ី បានប្រាប់ដល់ទីភ្នាក់ងារ Reuters ថា អាជ្ញាធរបានបង្កើនកម្រិតប្រកាសអាសន្នដល់កម្រិតខ្ពស់បំផុតទី2 បន្ទាប់ពីសកម្មភាពនៃការផ្ទុះបានកើនឡើង ។

លោកស្រីបានលើកឡើងថា ការផ្ទុះភ្នំភ្លើងត្រូវបានបង្កឡើងដោយការរញ្ជួយដីនាពេលថ្មីៗនេះនៅលើកោះនេះ ដោយភ្នំនេះបានបញ្ចេញផ្សែងដ៏គ្រោះថ្នាក់ និង “ផ្ទុះពពកក្តៅ” ដែលមានកម្ពស់រហូតដល់១,៨គីឡូម៉ែត្រទៅលើមេឃ ។

លោកស្រីបានបញ្ជាក់ថា “យើងត្រូវតែធ្វើការជម្លៀសមនុស្សពីលើកោះនេះ ពីព្រោះយើងរំពឹងថា អាចនឹងមានការផ្ទុះបន្ថែមទៀត ។ គ្មានសកម្មភាពណាមួយត្រូវបានអនុញ្ញាតក្នុងចម្ងាយ៤គីឡូម៉ែត្រពីរណ្ដៅនោះទេ” ។

វីដេអូដែលឃើញដោយទីភ្នាក់ងារ Reuters បានបង្ហាញពីលំហូរនៃកម្អែភ្នំភ្លើងក្រហមដែលហូរចុះពីលើភ្នំ ឆ្លុះបញ្ចាំងនៅក្នុងទឹកខាងក្រោម និងពពកផេះពណ៌ប្រផេះពីលើរណ្ដៅរបស់ភ្នំភ្លើង ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top