ព័ត៌មានអន្តរជាតិ

Updated៖ ចំនួនអ្នកស្លាប់ជនជាតិ ប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា កើនឡើងដល់ ៣៣,៨៩៩នាក់

xinhua

ហ្គាហ្សា ៖ ក្រសួងសុខាភិបាល នៃក្រុមហាម៉ាស បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយ នៅថ្ងៃពុធនេះថា ចំនួនអ្នកស្លាប់ ជនជាតិប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប ពីការវាយប្រហារ របស់អ៊ីស្រាអែល បានកើនឡើងដល់ ៣៣,៨៩៩នាក់ហើយ។

កងទ័ពអ៊ីស្រាអែលបាន សម្លាប់ជនជាតិប៉ាឡេស្ទីន ៥៦នាក់ និងរបួស ៨៩នាក់ទៀតក្នុងរយៈពេល ២៤ម៉ោងកន្លងមក ដែលនាំឱ្យចំនួនអ្នកស្លាប់ សរុបកើនដល់ ៣៣,៨៩៩នាក់ និងរបួសដល់ ៧៦,៦៦៤នាក់ ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះអ៊ីស្រាអែល-ហាម៉ាស។

សេចក្តីថ្លែងការណ៍បានកត់សម្គាល់ថា ជនរងគ្រោះមួយចំនួននៅតែស្ថិតនៅក្រោមគំនរបាក់បែក ចំពេលមានការទម្លាក់គ្រាប់បែកយ៉ាងខ្លាំង និងកង្វះក្រុមជួយសង្គ្រោះ ។

លោក Avichai Adraee អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថាក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ យន្តហោះចម្បាំង និងយន្តហោះកងទ័ពអាកាសបានវាយឆ្មក់គោលដៅ “ភេរវករ” ជាង ៤០ កន្លែងនៅទូទាំងតំបន់ហ្គាហ្សា។

អ៊ីស្រាអែល បានបើកការវាយ លុកទ្រង់ទ្រាយធំប្រឆាំង នឹងក្រុមហាម៉ាស នៅតំបន់ហ្គាហ្សា ដើម្បីសងសឹកនឹងការវាយលុក របស់ក្រុមហាម៉ាស ឆ្លងកាត់ព្រំដែន ភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ក្នុងអំឡុងពេលដែលមនុស្សប្រហែល ១,២០០នាក់ ត្រូវបានសម្លាប់ និងជាង ២០០នាក់ ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង៕
ប្រែសម្រួល ឈូក បូរ៉ា

To Top