ព័ត៌មានអន្តរជាតិ

ជប៉ុន រក្សាផលប្រយោជន៍ប្រេង និងឧស្ម័ននៅរុស្ស៊ី

Sputnik

បរទេស៖ ក្រសួងការបរទេសរបស់ប្រទេសជប៉ុន បានប្រកាសកាលពីថ្ងៃអង្គារថា ក្រុមហ៊ុនជប៉ុននឹងបន្តចូលរួម ក្នុងគម្រោងថាមពលរបស់រុស្ស៊ីនៅលើកោះ Sakhalin ដោយសារតែសារៈសំខាន់របស់ពួកគេ សម្រាប់សន្តិសុខថាមពលរបស់ទីក្រុងតូក្យូ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រសួងការបរទេសជប៉ុន បាននិយាយនៅក្នុងសៀវភៅខៀវការទូត ប្រចាំឆ្នាំរបស់ខ្លួន ដែលពិនិត្យមើលសកម្មភាព កិច្ចការបរទេសរបស់ប្រទេសជប៉ុនថា ទីក្រុងតូក្យូនឹងបន្ត “កិច្ចសហប្រតិបត្តិការជិតស្និទ្ធ” ជាមួយក្រុមប្រទេសឧស្សាហកម្មទាំងប្រាំពីរ (G7) ដើម្បីបន្ត “គោលនយោបាយដាក់ទណ្ឌកម្មដ៏តឹងតែង” លើប្រទេសរុស្ស៊ី។

ប្រទេសជប៉ុនក៏បានកំណត់ផងដែរ ដើម្បីកាត់បន្ថយការពឹងផ្អែកលើធនធាន ថាមពលរបស់ទីក្រុងមូស្គូដោយ បញ្ឈប់ការនាំចូលប្រេង និងធ្យូងថ្ម។

ទោះជាយ៉ាងណាក៏ដោយ ទីក្រុងតូក្យូនឹងរក្សាផលប្រយោជន៍ របស់ខ្លួននៅក្នុងគម្រោង Sakhalin-2 ឧស្ម័នធម្មជាតិរាវ (LNG) និងការបណ្តាក់ទុនប្រេង និងឧស្ម័ន Sakhalin-1 នៅតំបន់ Far East របស់រុស្ស៊ី នេះបើយោងតាមក្រសួងការបរទេស។

ក្រសួងបានបញ្ជាក់ថា៖ «ដោយមើលឃើញពីការធានាការផ្គត់ផ្គង់ ប្រកបដោយស្ថិរភាពក្នុង រយៈពេលមធ្យមនិងរយៈពេលវែង ជប៉ុនបន្តចាត់ទុកគម្រោងទាំងនេះថា មានសារៈសំខាន់ក្នុងវិស័យសន្តិសុខថាមពល ហើយមានបំណងរក្សាចំណែករបស់ខ្លួន» ៕

ប្រែសម្រួលៈ ណៃ តុលា

To Top