ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ព្រមានអ៊ីស្រាអែល បើសិនហ៊ានវាយប្រហារ ទៅលើទីតាំង នុយក្លេអ៊ែររបស់ខ្លួន

ប្រភព ៖ AFP

បរទេស ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ឧត្តមសេនីយឆ្មាំបដិវត្តន៍ជាន់ខ្ពស់របស់អ៊ីរ៉ង់ បានគំរាមកាលពីថ្ងៃព្រហស្បតិ៍ចំពោះការកំណត់គោលដៅ “កន្លែងនុយក្លេអ៊ែរ” របស់អ៊ីស្រាអែល ប្រសិនបើអ៊ីស្រាអែល ហ៊ានវាយប្រហារទីតាំងរបស់អ៊ីរ៉ង់ ដោយរំពឹងថា នឹងមានការសងសឹក ចំពោះការវាយប្រហារ ចុងសប្តាហ៍របស់ទីក្រុងតេអេរ៉ង់វិញ ។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា អ៊ីស្រាអែល​បាន​ប្តេជ្ញា​ឆ្លើយតប​ចំពោះ​ការ​វាយប្រហារ​តាម​អាកាស​របស់​អ៊ីរ៉ង់ ដែល​ភាគច្រើន​ត្រូវបាន​ស្ទាក់ចាប់ ប៉ុន្តែមេដឹកនាំពិភពលោកជាច្រើននាក់ បានជំរុញឱ្យមានការបន្ធូរបន្ថយ។

អំពើហឹង្សាពាក់ព័ន្ធនឹងក្រុមសម្ព័ន្ធមិត្តអ៊ីរ៉ង់ នៅទូទាំងមជ្ឈិមបូព៌ាបានកើនឡើង ចាប់តាំងពីការចាប់ផ្តើម នៃសង្រ្គាមអ៊ីស្រាអែល និងហាម៉ាស់ ជាមួយនឹងការវាយប្រហារថ្ងៃទី ៧ ខែតុលា របស់ក្រុមសកម្មប្រយុទ្ធ ប៉ាឡេស្ទីនដែលគាំទ្រ ដោយទីក្រុងតេអេរ៉ង់។

ការវាយប្រហារដោយផ្ទាល់ ជាលើកដំបូងរបស់ទីក្រុងតេអេរ៉ង់ ទៅលើអ៊ីស្រាអែល ដែលបានធ្វើឡើង កាលពីល្ងាចថ្ងៃសៅរ៍ គឺជាការសងសឹក ចំពោះការវាយប្រហារ តាមអាកាសកាលពីថ្ងៃទី១ ខែមេសាទៅលើស្ថានកុងស៊ុលអ៊ីរ៉ង់ នៅទីក្រុងដាម៉ាស ក្នុងប្រទេសស៊ីរី ដែលបានសម្លាប់សមាជិក កងឆ្មាំបដិវត្តន៍អ៊ីស្លាមចំនួន៧ នាក់រួមទាំងឧត្តមសេនីយ៍ពីរនាក់ផងដែរ ។

មន្ត្រីអ៊ីស្រាអែល មិនបាននិយាយថានៅពេលណា ឬកន្លែងណាដែលប្រទេសនេះនឹងសងសឹកនោះទេ ប៉ុន្តែលោក Ahmad Haghtalab ប្រធានឆ្មាំការពារ និងសន្តិសុខនុយក្លេអ៊ែរ បាននិយាយថា អ៊ីរ៉ង់នឹងសងសឹករាល់ការវាយប្រហារលើទីតាំងនុយក្លេអ៊ែរ៕
ប្រែសម្រួលៈ ណៃ តុលា

To Top