ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ ជំរុញឱ្យផ្តល់ប្រព័ន្ធការពារដែនអាកាស Patriot បន្ថែមទៀតដល់អ៊ុយក្រែន

RT News

បរទេស៖ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សមាជិកនៃអង្គការណាតូគួរតែស្វែងរកប្រព័ន្ធការពារដែនអាកាស Patriot ដែលផលិតដោយសហរដ្ឋអាមេរិកបន្ថែមទៀតសម្រាប់ផ្តល់ឱ្យប្រទេសអ៊ុយក្រែន។ ទីក្រុងប៊ែរឡាំងបានសន្យាថានឹងផ្តល់ប្រព័ន្ធការពារអាកាសបែបនេះក្នុងពេលអនាគតដ៏ខ្លី បន្ថែមពីលើប្រព័ន្ធពីរដែលខ្លួនបានបញ្ជូនរួចហើយទៅកាន់ទីក្រុងគៀវ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Scholz បាននិយាយថា លោកបានស្វែងរកការផ្សព្វផ្សាយគំនិតនេះក្នុងអំឡុងពេល “ការពិភាក្សាជាច្រើន” នៅក្នុងកិច្ចប្រជុំកំពូលរបស់ EU ដែលធ្វើឡើងនៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍។

អធិការបតីអាល្លឺម៉ង់រូបនេះបាននិយាយថា “យើងបានឮថាឥឡូវនេះគួរតែមានប្រាំពីរបន្ថែមទៀត មួយក្នុងចំណោមប្រព័ន្ធការពារដែនអាកាសនោះ គឺជារបស់យើង ហើយបន្ទាប់មកយើងសង្ឃឹមថា ៦គ្រឿងទៀតនឹងត្រូវបានរកឃើញ” ដោយសមាជិកណាតូដទៃទៀត។

លោក Scholz បាន​អះអាង​ថា រហូត​មក​ដល់​ពេល​នេះ ទីក្រុង​ប៊ែរឡាំង​បាន​ធ្វើ “ការ​រួម​ចំណែក​ដ៏​អស្ចារ្យ​បំផុត” នៅ​ពេល​ផ្តល់​ឱ្យ​អ៊ុយក្រែន​នូវ​ប្រព័ន្ធការពារដែនអាកាស Patriot ដោយ​បន្ថែម​ថា លោក​បាន​អំពាវនាវ​ឱ្យ​អ្នក​ដទៃ​ធ្វើ​ការ​សម្រេច​ចិត្ត​ដូច​គ្នានេះ។ សហរដ្ឋអាមេរិក អាល្លឺម៉ង់ និងហូឡង់ បានបញ្ជូនប្រព័ន្ធការពារដែនអាកាស Patriot ជាច្រើនទៅកាន់អ៊ុយក្រែន ដើម្បីគាំទ្រដល់ជម្លោះរបស់ទីក្រុងគៀវជាមួយរុស្ស៊ី។

ចំនួនពិតប្រាកដនៃប្រព័ន្ធការពារដែនអាកាសទាំងនោះនៅក្នុងការកាន់កាប់របស់អ៊ុយក្រែននៅមិនទាន់ច្បាស់នៅឡើយនោះទេ។ យោងតាមសារព័ត៌មាន Business Insider , ក្រុងគៀវអាចមានប្រព័ន្ធ Patriots ចន្លោះពី ៣ ទៅ ៥គ្រឿង។ ក្រសួងការពារជាតិរុស្ស៊ីបានផ្តល់ភស្តុតាងថា កាំជ្រួច និងរ៉ាដាជាច្រើនត្រូវបានបំផ្លាញរួចហើយ។

នាយករដ្ឋមន្ត្រីហូឡង់ លោក Mark Rutte បានបញ្ចេញប្រតិកម្មខ្លាំងៗទៅកាន់ប្រជាជាតិនានា ដែលស្ទាក់ស្ទើរក្នុងការស្វែងរកឃ្លាំងស្តុកមីស៊ីលរបស់ពួកគេ ដើម្បីផ្តល់ឱ្យទីក្រុង គៀវ៕ប្រែសម្រួលៈ ណៃ តុលា

To Top