ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីកេនយ៉ាថា មេយោធាគឺឧត្តមសេនីយ៍ Francis Ogolla ធ្លាក់ឧទ្ធម្ភាគចក្រស្លាប់ ចំណែក២នាក់ទៀត រួចផុតពីគ្រោះថ្នាក់

VOA News

បរទេស៖ យោងតាមប្រធានាធិបតីកេនយ៉ា លោក William Ruto បាននិយាយថា មេយោធានៃប្រទេសកេនយ៉ា ស្ថិតក្នុងចំណោមមនុស្ស ៩នាក់ដែលបានស្លាប់ នៅក្នុងការធ្លាក់ឧទ្ធម្ភាគចក្រ កាលពីថ្ងៃព្រហស្បតិ៍។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ឧត្តមសេនីយ Francis Ogolla ដែលជាប្រធានកងកម្លាំងការពារប្រទេសកេនយ៉ា ស្ថិតលើឧទ្ធម្ភាគចក្រជាមួយបុគ្គលិកយោធា ១១ នាក់ផ្សេងទៀត។ មនុស្សពីរនាក់បានរួចផុតពីគ្រោះថ្នាក់នេះ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់កេនយ៉ា បានរាយការណ៍ថាភ្លាមៗបន្ទាប់ពីការហោះឡើង ហើយឧទ្ធម្ភាគចក្របានធ្លាក់នៅតំបន់ Rift Valley នៃប្រទេសកេនយ៉ា ភាគខាងលិចរបស់ប្រទេស ហើយបានផ្ទុះឆេះ។

លោក William Ruto បានហៅឧបទ្ទវហេតុនេះថាជា “គ្រានៃសោកនាដកម្ម” ក្នុងអំឡុងពេលសន្និសីទសារព័ត៌មាន។ លោកថា “មាតុភូមិរបស់យើងបានបាត់បង់ឧត្តមសេនីយដ៏ក្លាហានបំផុតម្នាក់” ។ “ការស្លាប់របស់ឧត្តមសេនីយ៍ Ogolla គឺជាការបាត់បង់ដ៏ឈឺចាប់សម្រាប់ខ្ញុំ” ។

មុននេះ លោក Ruto បានកោះប្រជុំបន្ទាន់មួយរបស់ក្រុមប្រឹក្សាសន្តិសុខកេនយ៉ា។

ឧត្តមសេនីយ Francis Ogolla ដែលជាប្រធានកងកម្លាំងការពារប្រទេសកេនយ៉ា បានចូលរួមជាមួយកងកម្លាំងការពារប្រទេសកេនយ៉ាក្នុងឆ្នាំ ១៩៨៤ ជាកន្លែងដែលលោកបានហ្វឹកហាត់ជាអ្នកបើកយន្តហោះចម្បាំងជាមួយកងទ័ពអាកាសសហរដ្ឋអាមេរិក និងគ្រូបង្ហាត់ដល់ជាអ្នកបើកយន្តហោះនៅកងកម្លាំងអាកាសកេនយ៉ា, នេះបើយោងតាមប្រវត្តិរូបរបស់ក្រសួងការពារជាតិ៕ ប្រែសម្រួលៈ ណៃ តុលា

To Top