កូឡាឡាំពួរ៖ នៅថ្ងៃសុក្រនេះ ប្រទេសម៉ាឡេស៊ី បានសម្តែងការខកចិត្តរបស់ខ្លួន ចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការប្រើវេតូរបស់ខ្លួនដើម្បីបដិសេធ សមាជិកភាពពេញសិទ្ធិរបស់ប៉ាឡេស្ទីន នៅក្នុងអង្គការសហប្រជាជាតិ (អ.ស.ប)។
ក្រសួងការបរទេសម៉ាឡេស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនក៏បានចោទសួរពីភាពស្មោះត្រង់ របស់សហរដ្ឋអាមេរិកក្នុងការដឹង ពីសិទ្ធិដែលមិនអាចកាត់ផ្តាច់ បានរបស់ប៉ាឡេស្ទីន រួមទាំងសិទ្ធិក្នុងការសម្រេចចិត្ត ដោយខ្លួនឯងផងដែរ ។
ក្រសួងបានឲ្យដឹងថា “ម៉ាឡេស៊ី មានការព្រួយបារម្ភយ៉ាងខ្លាំង និងមានការខកចិត្តជាខ្លាំងដែលវេតូមួយ ត្រូវបានអនុវត្តដើម្បីរារាំងក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ហៅកាត់ថា (UNSC) ពីការទទួលស្គាល់ប៉ាឡេស្ទីន ជាសមាជិកពេញសិទ្ធិរបស់ អង្គការសហប្រជាជាតិនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ បើទោះបីជាមានការអំពាវនាវ ឱ្យច្បាស់លាស់ដោយសំឡេងភាគច្រើនលើសលប់ ក៏ដោយនៃរដ្ឋជាសមាជិករបស់ អ.ស.ប” ។
សេចក្តីថ្លែងការណ៍បានឲ្យដឹងទៀតថា ម៉ាឡេស៊ីនឹងបន្តគាំទ្របុព្វហេតុ ប៉ាឡេស្ទីនដដែល ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា