អង់ការ៉ា៖ រដ្ឋាភិបាលតួកគី បានសម្តែងការព្រួយបារម្ភរបស់ខ្លួនថា ភាពតានតឹងរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល អាចក្លាយជាជម្លោះកាន់តែទូលំទូលាយ ដោយបានអំពាវនាវឱ្យប្រទេសទាំងពីរ បដិសេធពីជំហានណាមួយ ដែលអាចបង្កើនជម្លោះ បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល ប្រឆាំងនឹងគោលដៅអ៊ីរ៉ង់។
ក្រសួងការបរទេសតួកគីបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ដោយគិតពីការវិវឌ្ឍចុងក្រោយនេះ វាកាន់តែបង្ហាញឱ្យឃើញ កាន់តែច្បាស់ថាភាពតានតឹង ដែលត្រូវបានបង្កឡើងដោយការ វាយប្រហារខុសច្បាប់របស់អ៊ីស្រាអែល លើស្ថានទូតអ៊ីរ៉ង់នៅទីក្រុងដាម៉ាស់ ហានិភ័យប្រែទៅជាជម្លោះអចិន្ត្រៃយ៍” ។
ក្រសួងបានសង្កត់ធ្ងន់ថា អាទិភាពរបស់សហគមន៍អន្តរជាតិ គួរតែបញ្ឈប់ជម្លោះនៅតំបន់ហ្គាហ្សា និងធានាសន្តិភាពយូរអង្វែងនៅក្នុងតំបន់ ដោយការបង្កើតរដ្ឋប៉ាឡេស្ទីន។
ទីភ្នាក់ងារសារព័ត៌មាន Fars ពាក់កណ្តាលផ្លូវការរបស់ប្រទេសអ៊ីរ៉ង់ បានរាយការណ៍ថា ការផ្ទុះចំនួន៣លើក ត្រូវបានគេឮនៅក្នុងខេត្ត Isfahan កណ្តាលរបស់ប្រទេសអ៊ីរ៉ង់ នៅថ្ងៃសុក្រនេះ ក្រោយមក កាសែត Fars បានបញ្ជាក់ថា ការបាញ់ប្រឆាំងយន្តហោះបានបណ្តាលឱ្យ មានសំឡេងដូចការផ្ទុះនៅក្នុងខេត្ត ៕
ប្រែសម្រួល ឈូក បូរ៉ា