បរទេស៖ កាសែត New York Times បានអះអាងកាលពីថ្ងៃសុក្រ ដោយដកស្រង់ប្រភពអនាមិកថា ការផ្ទុះនៅជិតទីក្រុង Isfahan កាលពីព្រឹកថ្ងៃសុក្រ គឺជាការវាយប្រហាររបស់អ៊ីស្រាអែល នៅលើអាកាសយានដ្ឋានយោធាមូ។ ទាំងអ៊ីស្រាអែល និងអ៊ីរ៉ង់ មិនបានធ្វើអត្ថាធិប្បាយជាផ្លូវការលើឧប្បត្តិហេតុនេះទេ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា អ៊ីស្រាអែលបានប្តេជ្ញាថានឹង “ឆ្លើយតប” ទៅនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងកាំជ្រួចកាលពីថ្ងៃសៅរ៍ដោយអ៊ីរ៉ង់ ដោយខ្លួនផ្ទាល់ចំពោះការផ្ចាញ់តបត លើការទម្លាក់គ្រាប់បែកកាលពីថ្ងៃទី១ ខែមេសា លើស្ថានកុងស៊ុលអ៊ីរ៉ង់នៅទីក្រុង Damascus ប្រទេសស៊ីរី ដែលបានសម្លាប់មន្ត្រីជាន់ខ្ពស់ជាច្រើននាក់នៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) Quds Force ។
អ្នកស្រុកនៃទីក្រុង Isfahan និង Tabriz របស់អ៊ីរ៉ង់បានរាយការណ៍ពីការបំផ្ទុះជាបន្តបន្ទាប់កាលពីព្រឹកថ្ងៃសុក្រ។ យោងតាម NYT មន្ត្រីអ៊ីរ៉ង់បីនាក់បាននិយាយថា មូលដ្ឋានទ័ពអាកាសនៅជិតទីក្រុង Isfahan ត្រូវបានវាយប្រហារ។ ទីភ្នាក់ងារព័ត៌មាន Fars បានរាយការណ៍ថា ការផ្ទុះត្រូវបានគេឮនៅជិតអាកាសយានដ្ឋានស៊ីវិលរបស់ទីក្រុង។
លោក Brigadier Siavash Mihandoust មេបញ្ជាការកងទ័ពជាន់ខ្ពស់នៅខេត្ត Isfahan បាននិយាយកាលពីថ្ងៃសុក្រថា “សំឡេងនេះគឺទាក់ទងទៅនឹងប្រព័ន្ធការពារដែនអាកាសរបស់ Isfahan ដែលបាញ់ទៅលើវត្ថុគួរឱ្យសង្ស័យ” ។ លោកបានបន្ថែមថា៖ យើងមិនមានការខូចខាតអ្វីទេ។
ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បាននិយាយនៅពេលក្រោយក្នុងថ្ងៃនៃការវាយប្រហារកាលពីថ្ងៃសៅរ៍មុនលើអ៊ីស្រាអែល ប៉ុន្តែមិនបាននិយាយអំពីការផ្ទុះនៅ Isfahan ឬ Tabriz ទេ៕
ប្រែសម្រួលៈ ណៃ តុលា