ព័ត៌មានអន្តរជាតិ

អាមេរិក ដាក់ពង្រាយប្រព័ន្ធមីស៊ីល នៅជិតមាត់ទ្វារផ្ទះរបស់ចិន

បរទេស៖ មន្ត្រីរដ្ឋាភិបាលក្រុងប៉េកាំងកំពុងជំទាស់ចំពោះ ការដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យមរបស់អាមេរិកនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកជាលើកដំបូងចាប់តាំងពីសង្គ្រាមត្រជាក់មក។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិន “សម្តែងការព្រួយបារម្ភយ៉ាងខ្លាំង” និង “ប្រឆាំងយ៉ាងខ្លាំងចំពោះសហរដ្ឋអាមេរិក …ការពង្រឹងការដាក់ពង្រាយទៅមុខនៅមាត់ទ្វាររបស់ប្រទេសចិន ដើម្បីស្វែងរកផលប្រយោជន៍យោធាឯកតោភាគី»។

យោធាអាមេរិកកាលពីថ្ងៃចន្ទបានអះអាងថា ខ្លួនកាលពីថ្ងៃទី១១ ខែមេសា បានដាក់ប្រព័ន្ធកាំជ្រួចមីស៊ីលរយៈចម្ងាយមធ្យមនៅលើភាគខាងជើងទីក្រុង Luzon ក្នុងប្រទេសហ្វីលីពីន ដែលជាផ្នែកមួយនៃសមយុទ្ធយោធារួមគ្នាដែលមានឈ្មោះថា Salaknib 24។ នេះជាលើកដំបូងចាប់តាំងពីសង្គ្រាមត្រជាក់ ដែលសហរដ្ឋអាមេរិកបានដាក់ពង្រាយប្រព័ន្ធបែបនេះនៅតំបន់អាស៊ី។

Stars and Stripes ដែលផ្តល់មូលនិធិដោយយោធាពាក់កណ្តាលបានកំណត់អត្តសញ្ញាណប្រព័ន្ធនេះថា ជា Typhon launcher ថ្មីបំផុតរបស់កងទ័ព ដែលជាប្រព័ន្ធនៅលើដីដែលអាចបាញ់កាំជ្រួចជាច្រើនរួមទាំងមីស៊ីល SM-6 supersonic ដែលមានរយៈចម្ងាយប្រហែល ៤៥០ គីឡូម៉ែត្រ និងមីស៊ីល Tomahawk cruise ជាមួយនឹងចម្ងាយបាញ់អតិបរមា ២.៥០០ គីឡូម៉ែត្រ។

នោះមានន័យថា ប្រព័ន្ធនេះមានសមត្ថភាពគ្របដណ្តប់មិនត្រឹមតែច្រកសមុទ្រតៃវ៉ាន់ទាំងមូល និងច្រកសមុទ្រ Luzon របស់ហ្វីលីពីនប៉ុណ្ណោះទេ ថែមទាំងទីក្រុងសំខាន់ៗបំផុតនៅលើឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសចិន និងមូលដ្ឋានយោធាចិននៅក្នុង និងជុំវិញសមុទ្រចិនខាងត្បូងផងដែរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top