គែរ៖ បណ្តាប្រទេសនៅមជ្ឈិមបូព៌ាបានសម្តែងការព្រួយបារម្ភរបស់ពួកគេ ចំពោះការកើនឡើងផ្នែកយោធានៅក្នុងតំបន់ បន្ទាប់ពីអ៊ីស្រាអែល កាលពីថ្ងៃសុក្របានចោទប្រកាន់ថា បានវាយប្រហារទីតាំងក្បែរទីក្រុង Isfahan ភាគកណ្តាលប្រទេសអ៊ីរ៉ង់ ក្នុងអ្វីដែលហាក់ដូចជាការឆ្លើយតបផ្នែកយោធារបស់ខ្លួន ចំពោះអ៊ីរ៉ង់ លើការវាយប្រហារនាពេលថ្មីៗនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសអេហ្ស៊ីប បានអំពាវនាវឱ្យភាគីទាំងពីរអនុវត្តការអត់ធ្មត់ជាទីបំផុត និងគោរពឱ្យបានពេញលេញនូវវិធាននៃច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ដោយព្រមានប្រឆាំងនឹងការពង្រីកជម្លោះ និងអស្ថិរភាពនៅក្នុងតំបន់។
អេហ្ស៊ីបបានសង្កត់ធ្ងន់ថា ខ្លួននឹងបន្តបង្កើនទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធ និងមានឥទ្ធិពលទាំងអស់ ដើម្បីទប់ស្កាត់ការកើនឡើង និងភាពតានតឹងដែលកំពុងបន្ត។
បន្ថែមពីលើនេះ ក្រសួងការបរទេសអ៊ីរ៉ាក់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រសួង “កំពុងឃ្លាំមើលភាពតានតឹងក្នុងតំបន់ជានិច្ច” ដោយបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងរបស់ខ្លួនចំពោះការវាយប្រហារសំដៅទៅលើទីក្រុង Isfahan នៅព្រឹកនេះ។
ក្រសួងបានឲ្យដឹងទៀតថា ការកើនឡើងនេះមិនត្រូវបង្អាក់ការយកចិត្តទុកដាក់ពីការបំផ្លិចបំផ្លាញ និងការបាត់បង់ជីវិតស្លូតត្រង់នៅតំបន់ហ្គាហ្សាស្ទ្រីបនោះទេ ដោយបានអំពាវនាវជាថ្មីដល់សហគមន៍អន្តរជាតិឱ្យបំពេញភារកិច្ច និងការងាររបស់ខ្លួនដើម្បីបញ្ឈប់ការឈឺចាប់របស់ប្រជាជនប៉ាឡេស្ទីន៕
ប្រែសម្រួល ឈូក បូរ៉ា