YAOUNDE ៖ កាលពីថ្ងៃអាទិត្យ អ្នកស្រុក និងអាជ្ញាធរបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារការលិចកប៉ាល់ ដែលបានកើតឡើង កាលពីថ្ងៃសុក្រនៅសាធារណរដ្ឋ អាហ្រ្វិកកណ្តាល ហៅកាត់ថា (CAR) បានកើនឡើងដល់៦២នាក់ ។
បើតាមការអះអាង របស់លោក Maick Azoumale អ្នកជីកខ្សាច់នៅទន្លេ Mpoko ជាកន្លែងដែលសោកនាដកម្ម បានកើតឡើង សាកសពចំនួន៤នាក់ទៀត រួមទាំងស្ត្រី៣នាក់ និងកុមារម្នាក់ត្រូវបានគេ រកឃើញកាលពីយប់ថ្ងៃអាទិត្យ ។
លោក Thomas Dimasse អគ្គនាយកការពារជនស៊ីវិល នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល បានប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកមួយកាលពីថ្ងៃសៅរ៍ថា ពួកគេ “អាចទាញយកសាកសព បានចំនួន៥៨នាក់ ។ យើងមិនដឹងថា ចំនួនសរុបនៃមនុស្សស្ថិតនៅក្រោមទឹកនោះទេ” ។
លោកបានបញ្ជាក់អំពីតួលេខនេះទៅកាន់ទីភ្នាក់ងារ Xinhua ហើយបានថ្លែងថា មនុស្សជាច្រើននាក់ទៀតនៅបាត់ខ្លួន ។
លោក Dimasse បានបញ្ជាក់ថា “សាច់ញាតិជនរងគ្រោះប្រហែល៥០នាក់ នៅតែបន្តដាក់សម្ពាធក្នុងក្តីសង្ឃឹម ក្នុងការស្វែងរកសាកសពមនុស្ស ជាទីស្រលាញ់របស់ពួកគេ ។ បច្ចុប្បន្ននេះយើងកំពុងធ្វើការជាមួយអ្នកស្ម័គ្រចិត្ត ជាពិសេសអ្នកជីកខ្សាច់ ដែលកំពុងជួយយើងស្វែង រកសាកសពអ្នកបាត់ខ្លួន” ។
គួរបញ្ជាក់ថា សោកនាដកម្មនេះបានកើតឡើងកាលពីថ្ងៃសុក្រ នៅគ្រាដែលនាវាដឹកមនុស្សជាង៣០០នាក់នៅលើទន្លេ Mpoko ក្នុងទីក្រុង Bangui បានលិច ។
បើយោងតាមសាក្សីបានឲ្យដឹងថា អ្នកដំណើរទាំងអស់បានធ្វើដំណើរទៅកាន់ភូមិ Mokelo ក្នុងឃុំ Bimbo ខេត្ត Ombella-Mpoko ដើម្បីបញ្ចុះសពមេដឹកនាំក្រុមរបស់ពួកគេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា