ព័ត៌មានអន្តរជាតិ

គ្រាប់រ៉ុក្កែត៥គ្រាប់ បាញ់ចេញពីទឹកដីអ៊ីរ៉ាក់ ឆ្ពោះទៅមូលដ្ឋាន ទ័ពអាមេរិក នៅស៊ីរី

AFP

បរទេស៖ ប្រភពសន្តិសុខអ៊ីរ៉ាក់ពីរ និងមន្ត្រីអាមេរិកម្នាក់ បានប្រាប់រ៉យទ័រថា យ៉ាងហោចណាស់គ្រាប់រ៉ុក្កែតចំនួន៥គ្រាប់ ត្រូវបានបាញ់ចេញពីទីប្រជុំជន Zummar របស់អ៊ីរ៉ាក់ ឆ្ពោះទៅកាន់មូលដ្ឋាន យោធា អាមេរិកនៅភាគឦសាន ប្រទេសស៊ីរីកាលពីថ្ងៃអាទិត្យ។

យោងតាមសារព័ត៌មាន Reuters ចេញផ្សាយ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ការវាយប្រហារប្រឆាំង នឹងកងកម្លាំងអាមេរិកគឺជាលើកទីមួយ ចាប់តាំងពីដើមខែកុម្ភៈ នៅពេលដែលក្រុមដែលគាំទ្រ ដោយអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់ បានបញ្ឈប់ការវាយប្រហារ របស់ពួកគេប្រឆាំងនឹងកងទ័ពសហរដ្ឋអាមេរិក។

ការបាញ់គ្រាប់រ៉ុក្កែតនេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ Mohammed Shia al-Sudani ត្រឡប់ពីទស្សនកិច្ចនៅសហរដ្ឋអាមេរិក ជាកន្លែងដែលលោកបានជួបជាមួយប្រធានាធិបតី Joe Biden នៅសេតវិមាន។

ការបង្ហោះនៅលើក្រុម Telegram ដែលមានទំនាក់ទំនង ជាមួយ Kataib Hezbollah បាននិយាយថា ក្រុមប្រដាប់អាវុធនៅ ក្នុងប្រទេសអ៊ីរ៉ាក់បាន សម្រេចចិត្តបន្តការ វាយប្រហារឡើងវិញបន្ទាប់ពីការផ្អាកជិតបីខែ បន្ទាប់ពីឃើញ មានការរីកចម្រើន តិចតួចលើកិច្ចពិភាក្សា ដើម្បីបញ្ចប់សម្ព័ន្ធយោធា ដឹកនាំដោយសហរដ្ឋអាមេរិកនៅក្នុងប្រទេស។

ក្រុម Telegram ដ៏ពេញនិយមមួយផ្សេងទៀតដែលស្និទ្ធនឹង Kataib Hezbollah, Sabreen News ក្រោយមកបាននិយាយថា មិនមានសេចក្តីថ្លែងការណ៍ ជាផ្លូវការដោយក្រុមដែលគាំទ្រដោយអ៊ីរ៉ង់នោះទេ។

មន្ត្រីអាមេរិកម្នាក់ ដែលនិយាយក្នុង លក្ខខណ្ឌមិនបញ្ចេញឈ្មោះ បាននិយាយថា គ្រាប់រ៉ុក្កែតច្រើនជាង ៥គ្រាប់ ត្រូវបានបាញ់ចេញពីប្រទេសអ៊ីរ៉ាក់ ឆ្ពោះទៅកាន់កងទ័ពនៅឯមូលដ្ឋានសម្ព័ន្ធមិត្តក្នុងទីក្រុង Rumalyn ប្រទេសស៊ីរី ប៉ុន្តែមិនមានបុគ្គលិកអាមេរិក ណាម្នាក់រងរបួសនោះទេ ។

មន្ត្រីរូបនេះបានហៅវាថាជា “ការវាយប្រហារ ដោយគ្រាប់រ៉ុក្កែតបរាជ័យ” ប៉ុន្តែមិនច្បាស់ភ្លាមៗថា តើគ្រាប់រ៉ុក្កែតបានបរាជ័យ ក្នុងការវាយលុកមូលដ្ឋាន ឬត្រូវបានបំផ្លាញ មុនពេលវាទៅដល់ ។ វាក៏មិនច្បាស់ដែរថាតើមូលដ្ឋានគឺ ជាគោលដៅខ្លួនឯងឬយ៉ាងណា ៕
ប្រែសម្រួលៈ ណៃ តុលា

To Top