ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ប្តេជ្ញា​ឆ្លើយ​តប​កាន់តែ​តឹងរ៉ឹង ប្រសិនបើ ​អ៊ីស្រាអែល ធ្វើ​កំហុស​មួយទៀត​

Xinhua

តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានព្រមានថា ប្រទេសរបស់លោកនឹងធ្វើការឆ្លើយតប “កាន់តែតឹងរ៉ឹង និងសម្រេចចិត្តជាងនេះ” ប្រសិនបើអ៊ីស្រាអែល ធ្វើកំហុសមួយផ្សេងទៀត។

លោកបានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ក្នុងរដ្ឋធានីតេអេរ៉ង់ ខណៈដែលលោកបានអត្ថាធិប្បាយអំពីប្រតិបត្តិការយោធាសងសឹកដ៏ធំរបស់អ៊ីរ៉ង់នាពេលថ្មីៗនេះប្រឆាំងនឹងអ៊ីស្រាអែល ដែលត្រូវបានអនុវត្តជាការឆ្លើយតបទៅនឹងការវាយប្រហារដ៏សាហាវរបស់អ៊ីស្រាអែលកាលពីថ្ងៃទី០១ ខែមេសា ប្រឆាំងនឹងស្ថានកុងស៊ុលអ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី។

លោក Kanaani បានលើកឡើងថា ការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើទីតាំងការទូតរបស់អ៊ីរ៉ង់ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់ និងបទប្បញ្ញត្តិអន្តរជាតិ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកបានសង្កត់ធ្ងន់ថា ទីក្រុងតេអេរ៉ង់ បានចាត់ទុកថា ប្រតិបត្តិការសងសឹករបស់ខ្លួនបានបញ្ចប់ ហើយគោលបំណងរបស់វាបានសម្រេច ប៉ុន្តែ “ប្រសិនបើអ៊ីស្រាអែល ធ្វើខុសមួយផ្សេងទៀត ការឆ្លើយតបរបស់អ៊ីរ៉ង់ នឹងកាន់តែតឹងរ៉ឹង និងកាន់តែសម្រេច”។

ងាកទៅការផ្ទុះដែលបានឮកាលពីព្រឹកថ្ងៃសុក្រ នៅជិតទីក្រុង Isfahan របស់អ៊ីរ៉ង់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ជាក់ស្តែងលោក Kanaani បានថ្កោលទោសការវាយប្រហារនេះថាជា “ការខឹងសម្បារ និងព្យាបាទ” ដោយបន្ថែមថា មិនទាន់មានភាគីណាមួយអះអាងទទួលខុសត្រូវ ចំពោះវានៅឡើយទេ៕ប្រែសម្រួល ឈូក បូរ៉ា

To Top