ព័ត៌មានអន្តរជាតិ

ថៃ៖ អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ Surachate ចោទនាយករដ្ឋមន្រ្តី សេដ្ឋា ថាវីស៊ីនថា ធ្វើខុសច្បាប់

បរទេស៖ អគ្គស្នងការរង នគរបាលជាតិ លោកឧត្តមសេនីយ៍ Surachate Hakparn កាលពីថ្ងៃចន្ទ បានចោទលោក នាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៊ីន ពីបទប្រព្រឹត្តិខុសឆ្គង ក្នុងការ ឱ្យលោកព្យួរការងារ ហើយបាននិយាយថា ជាលទ្ធផល លោកត្រូវបានរារាំង មិនឱ្យក្លាយជាអគ្គស្នងការ នគរបាលជាតិថែមទៀត ។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា លោកឧត្តមសេនីយ៍ Surachate Hakparn ឬហៅថា Big Joke បានដាក់ពាក្យបណ្តឹងនៅការិយាល័យ គណៈកម្មាធិការជាតិប្រឆាំង អំពើពុករលួយកាលពីថ្ងៃចន្ទ ។ ពាក្យបណ្តឹងជាលាយលក្ខណ៍អក្សរ ត្រូវបានបញ្ជូនទៅអគ្គលេខាធិការ NACC លោក Niwatchai Kasemongkol។

លោកក៏បានធ្វើសន្និសីទកាសែត នៅទីនោះដែរ។ លោកបានប្រាប់អ្នកសារព័ត៌មានថា នាយករដ្ឋមន្ត្រីបានផ្ទេរលោក ទៅការិយាល័យនាយករដ្ឋមន្ត្រី ដោយរង់ចាំការស៊ើបអង្កេតរយៈពេល ៦០ថ្ងៃ។ ឧត្តមសេនីយ៍ Surachate Hakparn គឺសំដៅទៅលើការស៊ើបអង្កេតលើការចោទប្រកាន់លើរូបលោក ក្នុងការលាងលុយកខ្វក់ទាក់ទងនឹងគេហទំព័រលេងល្បែង BNK Master ។

បន្ទាប់មកក៏មានបទបញ្ជា ឱ្យផ្លាស់លោក​​ទៅកាន់ការិយាល័យ នគរបាលភូមិន្ទថៃវិញ ។ ឧត្តមសេនីយ៍ Surachate Hakparn បានថ្លែងថា បន្ទាប់មក លោកត្រូវបានព្យួរ​ពីតួនាទីនៅថ្ងៃទី ១៨ ខែមេសា ហើយថ្ងៃបន្ទាប់ប៉ូលិសសួរចម្លើយ​បានបញ្ជូនសំណុំរឿងគាត់ទៅ NACC។
ប្រែសម្រួលៈ ណៃ តុលា

To Top