ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ីរ៉ង់ គំរាមវាយប្រហារអ៊ីស្រាអែលឱ្យវិនាសសាបសូន្យ ប្រសិនបើប្រទេសនេះប៉ុនប៉ងវាយប្រហារអ៊ីរ៉ង់ម្តងទៀត

RT News

ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បានគំរាមអ៊ីស្រាអែលថា អ៊ីស្រាអែលនឹងត្រូវវិនាសប្រសិនបើប្រទេសនេះប៉ុនប៉ងវាយប្រហារអ៊ីរ៉ង់ម្តងទៀត។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បានមកដល់ប្រទេសប៉ាគីស្ថានកាលពីថ្ងៃចន្ទ សម្រាប់ដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃ។ លោកបាននិយាយទៅកាន់ភាពតានតឹងនាពេលថ្មីៗនេះរវាងទីក្រុង តេហេរ៉ង់ និងទីក្រុង West Jerusalem នៅក្នុងព្រឹត្តិការណ៍មួយនៅ Punjab កាលពីថ្ងៃអង្គារ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA បានដកស្រង់សម្តីលោក Raisi ថា “ប្រសិនបើរបប សាយអន នីស (Zionist) ឬ របបជាតិនិយម បានធ្វើកំហុសម្តងទៀត ហើយវាយប្រហារលើទឹកដីដ៏ពិសិដ្ឋរបស់អ៊ីរ៉ង់ នោះស្ថានភាពនឹងខុសគ្នា ហើយគេមិនច្បាស់ថា តើរបបនេះ នឹងស្ថិតនៅតទៅទៀត ឬបែបណានោះទេ”។

អ៊ីស្រាអែលមិនដែលទទួលស្គាល់ជាផ្លូវការនូវការវាយប្រហារតាមអាកាសកាលពីថ្ងៃទី១ ខែមេសា ទៅលើស្ថានកុងស៊ុលអ៊ីរ៉ង់នៅទីក្រុង ដាម៉ាស ប្រទេសស៊ីរី ដែលបានសម្លាប់មន្ត្រីជាន់ខ្ពស់៧នាក់នៃកងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់។ ទោះជាយ៉ាងណាក៏ដោយ ទីក្រុងតេហេរ៉ង់បានសងសឹកវិញ ដោយកាលពីថ្ងៃទី ១៣ ខែមេសា ដោយបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីលជាច្រើនគ្រាប់ទៅកាន់គោលដៅជាច្រើនក្នុងប្រទេសអ៊ីស្រាអែល។

ប្រទេសអ៊ីរ៉ង់បានច្រានចោលការផ្ទុះជាបន្តបន្ទាប់ដែលបានរាយការណ៍នៅជិតទីក្រុង អ៊ីសហ្វាហាន កាលពីថ្ងៃសុក្រសប្តាហ៍មុន ដែលមានពាក្យចចាមអារ៉ាមថាជាការឆ្លើយតបពីអ៊ីស្រាអែល។ ទីក្រុង West Jerusalem មិនទទួលស្គាល់ការវាយប្រហារដែលបានរាយការណ៍នោះទេ ប៉ុន្តែបានរិះគន់រដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រីមួយរូប ដែលបាននិយាយអំពីវាខុសឆ្គង។ ទីក្រុងតេហេរ៉ង់បានជ្រើសរើសមិនអើពើ ជាជាងផ្តល់ការសងសឹកភ្លាមៗ និងធ្ងន់ធ្ងរ ដូចដែលបានសន្យា។

សាធារណរដ្ឋឥស្លាមបានប្ដេជ្ញាក្នុងឱកាសជាច្រើនដើម្បីលុបបំបាត់ បំផ្លាញ ឬធ្វើឱ្យវិនាស “របប សាយ អន នីស ឬ របបជាតិនិយម” ដូចដែលគេហៅថាជា អ៊ីស្រាអែល។

ថ្លែងនៅក្នុងទីក្រុង ឡាហ័រ កាលពីថ្ងៃអង្គារ លោក Raisi បានប្តេជ្ញាបន្ត “គាំទ្រដោយកិត្តិយសចំពោះការតស៊ូរបស់ប៉ាឡេស្ទីន”។ លោកថែមទាំងបានថ្កោលទោសសហរដ្ឋអាមេរិក និងលោកខាងលិចសមូហភាពថាជា “អ្នករំលោភសិទ្ធិមនុស្សដ៏ធំបំផុត” ដោយចង្អុលទៅការគាំទ្ររបស់ពួកគេចំពោះ “អំពើប្រល័យពូជសាសន៍” របស់អ៊ីស្រាអែលនៅហ្គាហ្សា៕ ប្រែសម្រួលៈ ណៃ តុលា

To Top