ម៉ានីល៖ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា មេដឹកនាំកំពូលនៃក្រុមភេរវករ Bangsamoro Islamic Freedom Fighters ហៅកាត់ (BIFF) Karialan Faction និងសមាជិករបស់គាត់ចំនួន១១នាក់ត្រូវបានសម្លាប់ និងយោធាចំនួន៧នាក់បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នាមួយនៅភាគខាងត្បូងនៃប្រទេសហ្វីលីពីនកាលពីព្រឹកថ្ងៃចន្ទ ។
ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍កាលពីល្ងាចថ្ងៃចន្ទថា លោក Mohiden Animbang ហៅ Kagui Karialan ត្រូវបានសម្លាប់ រួមជាមួយនឹងអ្នកដើរតាមគាត់ចំនួន១១នាក់នៅក្នុងការប្រយុទ្ធដ៏ខ្លាំងក្លាមួយនៅ Barangay Kitango ក្រុង Datu Saudi Ampatuan ខេត្ត Maguindanao Del Sur ។
នៅក្នុងរបាយការណ៍មួយបានឲ្យដឹងថា យោធាបានបញ្ជាក់ថា ការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅម៉ោងប្រហែល៧និង៣០នាទីព្រឹក ម៉ោងក្នុងស្រុក ក្រោយពីយោធាបានរត់ចូលទៅក្នុងក្រុម BIFF ដែលមានគ្នា១៥នាក់នៅក្នុងភូមិមួយក្នុងទីក្រុង Datu Saudi Ampatuan ។
យោធាបានរកឃើញអាវុធមានកម្លាំងខ្ពស់ចំនួន១២ដើម ក្នុងនោះមានកាំភ្លើង M16 ចំនួន៥ដើម ។
ក្រុម BIFF ដែលជាក្រុមប្រដាប់អាវុធតូចតាចមួយក្រុមដែលមានសម្ព័ន្ធភាពជាមួយក្រុមរដ្ឋឥស្លាម ត្រូវបានស្តីបន្ទោសចំពោះការបំផ្ទុះគ្រាប់បែក និងអំពើឃោរឃៅផ្សេងទៀតនៅក្នុងតំបន់ Central Mindanao ភាគខាងត្បូងនៃប្រទេសហ្វីលីពីន ។
ក្រុមនេះបានផ្តាច់ខ្លួនចេញពីរណសិរ្សរំដោះឥស្លាម ឈ្មោះថា Moro នៅគ្រាដែលក្រុមចុងក្រោយបានយល់ព្រមចរចាកិច្ចព្រមព្រៀងសន្តិភាពជាមួយរដ្ឋាភិបាលក្នុងឆ្នាំ២០១៤ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា