ព័ត៌មានអន្តរជាតិ

ស្វីស សម្រេចចិត្តបង្កកទ្រព្យសម្បត្តិ របស់រុស្ស៊ី ដែលមានតម្លៃដល់ទៅ ១៤ពាន់លានដុល្លារ

AFP

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ស្វីសកំពុងកាន់កាប់ទ្រព្យសម្បត្តិរុស្ស៊ីប្រមាណ ១៣ ពាន់លានហ្វ្រង់ ឬត្រូវជា១៤,៣ ពាន់លានដុល្លារ ដែលជាប់គាំងនៅក្នុងស្ថាប័នហិរញ្ញវត្ថុរបស់ខ្លួន ហើយក្នុងនោះប្រហែលពាក់កណ្តាលជារបស់រដ្ឋ និងពាក់កណ្តាលជាកម្មសិទ្ធិឯកជន។

ខណៈពេលដែលតម្លៃនៃទ្រព្យសម្បត្តិរដ្ឋ របស់រុស្ស៊ីនៅតែមិនផ្លាស់ប្តូរ អាជ្ញាធរស្វីសបានរាយការណ៍ ពីការធ្លាក់ចុះយ៉ាងខ្លាំងនៃតម្លៃ នៃមូលនិធិឯកជន។

អាជ្ញាធរបាននិយាយថា គិតត្រឹមដំណាច់ខែធ្នូ មូលនិធិ និងទ្រព្យសម្បត្តិសរុបចំនួន៥,៨ពាន់លានហ្វ្រង់ ឬត្រូវជា៦,៣ ពាន់លានដុល្លារ ដែលជាកម្មសិទ្ធិរបស់បុគ្គល ឬអង្គភាពដែលទទួលទណ្ឌកម្មរបស់រុស្ស៊ីត្រូវបានបង្កកនៅក្នុងប្រទេសស្វីស។

ទោះបីជាយ៉ាងណាក្តីតួលេខនេះ តំណាងឱ្យការធ្លាក់ចុះ ១,៧ ពាន់លានហ្វ្រង់ ឬ១,៩ ពាន់លានដុល្លារពី ៧,៥ ពាន់លានហ្វ្រង់ដែលបានចុះបញ្ជីនៅចុងឆ្នាំ ២០២២នេះបើយោងតាមលេខាធិការដ្ឋាន កិច្ចការសេដ្ឋកិច្ចស្វីស (SECO) ។

អាជ្ញាធរស្វីសបាននិយាយកាលពីឆ្នាំមុនថា ពួកគេបានបង្កកទ្រព្យសម្បត្តិហិរញ្ញវត្ថុចំនួន ៥៨០លានហ្វ្រង់ ឬត្រូវជា៦៣៦លានដុល្លារ និងទ្រព្យសម្បត្តិពីរបន្ថែមទៀត បន្ទាប់ពីការស៊ើបអង្កេតផ្ទាល់ខ្លួនរបស់ពួកគេនិង ការបញ្ជាក់លម្អិត ដោយធនាគារ៕

ប្រែសម្រួល៖ ស៊ុន លី

To Top