ព័ត៌មានអន្តរជាតិ

អគ្គស្នងការរងនគរបាលជាតិរបស់ថៃ សម្រេចដកពាក្យបណ្តឹង ប្រឆាំងនឹងនាយករដ្ឋមន្រ្តី សេដ្ឋា ថាវីស៊ីន

Bangkok Post

បរទេស៖ អគ្គស្នងការរងនគរបាលជាតិ លោកឧត្តមសេនីយ៍ Suraachate Hakparn កាលពីថ្ងៃអង្គារ បានសម្រេចដកពាក្យបណ្ដឹងរបស់លោក ប្រឆាំងនឹងនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន ពីបទព្យួររូបលោកពីការងារវិញហើយ, នេះបើយោងតាមអគ្គលេខាធិការ គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ (NACC)។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Niwatchai Kasemongkol បានថ្លែងថា លោកឧត្តមសេនីយ៍ Suraachate Hakparn មិនប្រាប់លម្អិតអំពីមូលហេតុ នៃការដកពាក្យបណ្តឹងនោះទេ។

មុននេះ លោក Pichit Chuenban ទីប្រឹក្សានាយករដ្ឋមន្រី្ត បានចេញមុខការពារលោក សេដ្ឋា ថាវីស៊ីន បន្ទាប់ពី លោកឧត្តមសេនីយ៍ Suraachate Hakparn ហៅក្រៅថា “Big Joke” បានចោទប្រកាន់អតីតមហាសេដ្ឋីអចលនទ្រព្យថា ធ្វើខុសច្បាប់ពីចេញបទបញ្ជាឱ្យព្យួរការងារលោក។

លោកឧត្តមសេនីយ៍ Suraachate Hakparn អាយុ ៥៣ឆ្នាំ ត្រូវបានសង្ស័យថា ជាប់ពាក់ព័ន្ធករណីលាងលុយកខ្វក់។ កាលពីថ្ងៃចន្ទ លោកបានដាក់ពាក្យបណ្តឹងទៅ NACC ដោយអះអាងថា ការសម្រេចចិត្តរបស់លោកនាយករដ្ឋមន្ត្រី ក្នុងការព្យួរការងាររបស់លោក គឺបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ ឱកាសរបស់លោកក្នុងការក្លាយជា អគ្គស្នងការនគរបាលជាតិបន្ទាប់ ៕

To Top