ព័ត៌មានអន្តរជាតិ

កងទ័ព​អ៊ីស្រាអែល បញ្ជា​ឱ្យ​ជម្លៀស​ប្រជាជនជា​បន្ទាន់ នៅ​ភាគ​ខាងជើង​តំបន់ហ្គាហ្សា ព្រោះជាតំបន់ប្រតិបត្ដិការវាយលុក

Xinhua

យេរ៉ូសាឡឹម៖ អ៊ីស្រាអែល បានបញ្ជាឱ្យប្រជាជននៅទីក្រុង Beit Lahia ភាគខាងជើងតំបន់ហ្គាហ្សាស្ទ្រីប ជម្លៀសខ្លួនចេញជាបន្ទាន់ មុនពេលការវាយលុក ដែលបានគ្រោងទុកថ្មីនៅក្នុងតំបន់នោះ។

លោក Avichay Adraee អ្នកនាំពាក្យរបស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានសរសេរជាភាសាអារ៉ាប់នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា “អ្នកស្ថិតនៅក្នុងតំបន់ប្រយុទ្ធដ៏គ្រោះថ្នាក់” ។

លោក​បាន​បញ្ជាក់​ថា កងទ័ព​មាន​ផែនការ​ដ៏​ជិត​ស្និទ្ធ​មួយ​ដើម្បីធ្វើ​សកម្មភាព​ដោយ​កម្លាំង​ដ៏​អស្ចារ្យ​ប្រឆាំង​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ក្រុម​សកម្មប្រយុទ្ធ​ក្នុង​តំបន់។

លោកបានទទូចថា “ដើម្បីសុវត្ថិភាពរបស់អ្នក ជម្លៀសខ្លួនចេញជាបន្ទាន់” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ការវាយប្រហាររបស់អ៊ីស្រាអែល បានកាន់តែខ្លាំងឡើងកាលពីថ្ងៃអង្គារ ជាមួយនឹងរបាយការណ៍នៃការវាយប្រហារដ៏ខ្លាំងក្លានៅក្នុងតំបន់ភាគខាងជើង ដែលពីមុន IDF បានដកកងកម្លាំងរបស់ខ្លួនមកវិញ ក៏ដូចជានៅតំបន់កណ្តាល និងភាគខាងត្បូងផងដែរ។

នៅព្រឹកថ្ងៃអង្គារម្សិលមិញនេះ គ្រាប់រ៉ុក្កែតចំនួន ៤គ្រាប់ត្រូវបានបាញ់ចេញពីតំបន់ហ្គាហ្សាឆ្ពោះទៅកាន់ទីក្រុង Sderot ដែលជាទីក្រុងមួយនៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល ដោយបានបង្កជាសំឡេងស៊ីរ៉ែនវាយប្រហារតាមអាកាស ប៉ុន្តែមិនបណ្តាលឲ្យមានអ្នករងរបួសនោះទេ នេះបើយោងតាមសេវាសង្គ្រោះរបស់អ៊ីស្រាអែល។

ប៉ុន្ដែមានយានដ្ឋាន​មួយ​កន្លែងបាន​ឆាបឆេះ​ដោយសារ​សំណល់​នៃ​កាំជ្រួច​ស្ទាក់ចាប់ ដែល​បាញ់​លើ​គ្រាប់​រ៉ុក្កែត​នេះ​បើ​យោង​តាម​សារព័ត៌មាន Kan TV ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​របស់​អ៊ីស្រាអែល៕ ប្រែសម្រួល ឈូក បូរ៉ា

To Top