ម៉ូស្គូ៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានឲ្យដឹងថា ប្រទេសរុស្ស៊ី នឹងបង្កើនការវាយប្រហារទៅលើមជ្ឈមណ្ឌលដឹកជញ្ជូន និងកន្លែងផ្ទុកអាវុធរបស់លោកខាងលិច ក្នុងប្រទេសអ៊ុយក្រែន។
លោកបានឲ្យដឹងក្នុងអំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សារបស់ក្រសួងការពារជាតិថា សមាមាត្រទៅនឹងការគំរាមកំហែង ដែលបង្កឡើងដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត រុស្ស៊ីនឹងបន្តធ្វើឱ្យប្រសើរឡើងនូវសមាសភាពយោធារបស់ខ្លួន និងផលិតអាវុធ និងឧបករណ៍យោធា ដែលទាមទារច្រើនបំផុត។
ដោយកត់សម្គាល់ពីសកម្មភាពកើនឡើងរបស់អង្គការណាតូនៅតំបន់អាកទិក និងព្រំដែនខាងលិច និងពាយ័ព្យរបស់រុស្ស៊ី លោក Shoigu បានឲ្យដឹងថា រុស្ស៊ីនឹងចាត់វិធានការឆ្លើយតបឱ្យបានគ្រប់គ្រាន់។
នៅក្នុងនោះដែរ លោកបានបន្ថែមថាសង្កាត់យោធាក្រុងម៉ូស្គូ និងលេនីងរ៉ាត ដែលទើបនឹងបង្កើតឡើងវិញបានចាប់ផ្តើមអនុវត្តការងារពាក់ព័ន្ធតាំងពីថ្ងៃទី០១ ខែមីនា៕ ប្រែសម្រួល ឈូក បូរ៉ា