ព័ត៌មានអន្តរជាតិ

មន្រ្តីជាន់ខ្ពស់កូរ៉េខាងជើង ធ្វើទស្សកិច្ចដ៏កម្រ នៅក្នុងប្រទេសអ៊ីរ៉ង់

AFP

បរទេស៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA របស់កូរ៉េខាងជើង បានរាយការណ៍ថា គណៈប្រតិភូជាន់ខ្ពស់កូរ៉េខាងជើង កំពុងធ្វើទស្សនកិច្ចបរទេសដ៏កម្រមួយទៅកាន់ប្រទេសអ៊ីរ៉ង់ ។ ពេលវេលាចុងក្រោយ ដែលមន្ត្រីមកពីទីក្រុងព្យុងយ៉ាង បានធ្វើដំណើរ ដែលបានប្រកាសជាសាធារណៈទៅកាន់ទីក្រុងតេអេរ៉ង់គឺនៅឆ្នាំ ២០១៩។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមទីភ្នាក់ងារ KCNA បានឱ្យដឹងថា គណៈប្រតិភូ ដឹកនាំដោយរដ្ឋមន្ត្រីទំនាក់ទំនងសេដ្ឋកិច្ចខាងក្រៅប្រទេសរបស់ប្រទេសកូរ៉េខាងជើង លោក Yun Jong Ho បានចេញដំណើរ ទៅកាន់ប្រទេសអ៊ីរ៉ង់ តាមយន្តហោះកាលពីថ្ងៃអង្គារ។ KCNA មិនបានបង្ហាញព័ត៌មាន លម្អិតបន្ថែមអំពីដំណើរទស្សនកិច្ចនេះទេ។

កាលពីខែកុម្ភៈ មេដឹកនាំកូរ៉េខាងជើង លោកប្រធានាធិបតី គីម ជុងអ៊ុន បានផ្ញើសារអបអរសាទរទៅកាន់ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi ក្នុងខួបលើកទី៤៥ នៃបដិវត្តន៍អ៊ីស្លាម។ លោក គីម បានបង្ហាញទំនុកចិត្តថា “ទំនាក់ទំនងជា ប្រពៃណីនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេស ទាំងពីរដែលបានបង្កើត នៅលើផ្លូវនៃការតស៊ូរួមគ្នា ប្រឆាំងនឹងចក្រពត្តិ និយមនឹងពង្រីក និងអភិវឌ្ឍលើវិស័យផ្សេងៗ”។

ចំណែកអ្នកនាំពាក្យ ក្រសួងការបរទេស សហរដ្ឋអាមេរិក លោក Matthew Miller បាននិយាយ កាលពីថ្ងៃអង្គារ សប្តាហ៍មុនថា ទីក្រុងវ៉ាស៊ីនតោន “មានការព្រួយ បារម្ភយ៉ាងខ្លាំង” អំពីកិច្ចសហប្រតិបត្តិការ ដែលត្រូវបានចោទ ប្រកាន់រវាងទីក្រុងតេអេរ៉ង់ និងទីក្រុងព្យុងយ៉ាង ក្នុងការអភិវឌ្ឍន៍ នុយក្លេអ៊ែរ និងមីស៊ីលផ្លោង។ ប្រទេសទាំងពីរ នៅតែស្ថិតក្រោមការដាក់ ទណ្ឌកម្មអន្តរជាតិយ៉ាងតឹងរ៉ឹង ជុំវិញកម្មវិធីអាវុធរបស់ខ្លួន៕
ប្រែសម្រួលៈ ណៃ តុលា

To Top