ព័ត៌មានអន្តរជាតិ

ឧត្តមសេនីយ៍ ប្រាវីដ វង្សស៊ូវ៉ុន របស់ថៃ មានទ្រព្យសម្បត្តិ ៨៧លានបាត ឡានទំនើប៥គ្រឿង និងកាំភ្លើងខ្លី៣ដើម

Photo: Palang Pracharath Party

បរទេស៖ ឧត្តមសេនីយ៍ ប្រាវីដ វង្សស៊ូវ៉ុន (Prawit Wongsuwon) អតីតឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរកីឡាថៃ (SAT) បានប្រកាសទ្រព្យសម្បត្តិគឺមានលុយចំនួន ៨៧លានបាត ដែលរួមមានរថយន្តទំនើបចំនួន ៥ គ្រឿង នេះបើយោងតាមគណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ (NACC) ។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីភ្នាក់ងារនេះកាលពីថ្ងៃពុធបានចេញផ្សាយទ្រព្យសម្បត្តិ និងបំណុលដែលបានប្រកាសរបស់អ្នកកាន់ការិយាល័យនយោបាយ និងនាយកប្រតិបត្តិរដ្ឋាភិបាល។ ទ្រព្យសម្បត្តិរបស់មេដឹកនាំគណបក្ស Palang Pracharath (PPRP) លោកឧត្តមសេនីយ៍ បា្រវីដ ទទួលបានការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយ។

លោកឧត្តមសេនីយ៍ ប្រាវីដ វង្សស៊ូវ៉ុន ក៏កាន់តំណែងជាប្រធានក្រុមប្រឹក្សាភិបាល SAT ហើយត្រូវបានតម្រូវឱ្យប្រកាសទ្រព្យសម្បត្តិរៀងរាល់បីឆ្នាំម្តង។

លោកឧត្តមសេនីយ៍ ប្រាវីដ អាយុ ៧៨ឆ្នាំបានប្រកាសពីស្ថានភាពរបស់លោកថា “នៅលីវ” ហើយបានរាយការណ៍អំពីទ្រព្យសម្បត្តិចំនួន ៨៧,៨៤ លានបាត និងបំណុលតូចមួយចំនួន ៧៥៧ បាត។ ទ្រព្យសម្បត្តិរបស់លោកគឺប្រាក់បញ្ញើរបស់ធនាគារចំនួន ៤០,៤៨ លានបាត, ការវិនិយោគចំនួន ៦,៥៣ លានបាត, ដីចំនួន ៣កន្លែង នៅទីក្រុងបាងកក និង ខេត្ត ផាធុំ ថានី មានតម្លៃប្រហែល ១០លានបាត, រថយន្តចំនួន ៥ គ្រឿងមានតម្លៃ ១៣,៦ លានបាត និងទ្រព្យសម្បត្តិផ្សេងទៀតមានតម្លៃ ២២៩,៥០០ បាត។

លោកបានរាយការណ៍ពីប្រាក់ចំណូលប្រចាំឆ្នាំប្រហែល ២,៣៤ លានបាត ដែលរួមបញ្ចូលប្រាក់សោធននិវត្តន៍ចំនួន ៧៦២,៥៤០ បាត, ប្រាក់ឧបត្ថម្ភសម្រាប់រស់នៅចំនួន ១៤៦,៧៣៦ បាត, ប្រាក់បៀវត្សរ៍របស់ឧបនាយករដ្ឋមន្ត្រីនៅពេលលោកកាន់តំណែងគណៈរដ្ឋមន្ត្រីចំនួន ៨៩៣,០៤០ បាត និងប្រាក់ខែមុខតំណែងចំនួន ៥៤៦,០០០ បាត។

ក្នុងចំណោមរថយន្តទាំង៥គ្រឿងរបស់លោកដែលមានតម្លៃសរុប ១៣,៦ លានបាត លោកឧត្តមសេនីយ៍ បា្រវីដ បានប្រកាសថា រថយន្តម៉ាក Jaguar I-Pace AWD HSE មានតម្លៃ ៤ លានបាតនៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២១ និង រថយន្តម៉ាក Mercedes Benz V250d មានតម្លៃ ២,៥ លានបាតនៅថ្ងៃទី ៦ ខែមិថុនា ឆ្នាំ២០២២។

ទ្រព្យសម្បត្តិផ្សេងទៀតរួមមាន នាឡិកាម៉ាក TW Steel តម្លៃប្រហែល ១៥,០០០ បាត, ចិញ្ចៀនចំនួន៩វង់ មានតម្លៃប្រហែល ១៣២,០០០ បាត និងកាំភ្លើងខ្លីចំនួន ៣ ដើម រួមមាន Colt (7,500 បាត), Sig Sauer (15,000 បាត) និង Smith & Wesson (60,000បាត)៕

ប្រែសម្រួលៈ ណៃ តុលា

To Top