ព័ត៌មានអន្តរជាតិ

បាតុកម្មគាំទ្រ ប៉ាឡេស្ទីន រីករាលដាល នៅក្នុងសាកលវិទ្យាល័យជាច្រើន នៅអាមេរិក ដោយជំរុញឱ្យបញ្ឈប់ជំនួយយោធាដល់អ៊ីស្រាអែល

Xinhua

ប៉េកាំង៖ កន្លងទៅថ្មីៗនេះ បាតុកម្មគាំទ្រប៉ាឡេស្ទីន បានផ្ទុះឡើងនៅតាមបរិវេណសាលានានាទូទាំងសហរដ្ឋអាមេរិក ដោយអំពាវនាវឱ្យមានបទឈប់បាញ់ជាអចិន្ត្រៃយ៍នៅតំបន់ហ្គាហ្សាស្ទ្រីប និងការបញ្ឈប់ការផ្តល់ជំនួយយោធារបស់សហរដ្ឋអាមេរិកដល់អ៊ីស្រាអែល។

ទោះបីជាអ្នកនយោបាយអាមេរិកមួយចំនួនដាក់ឈ្មោះបាតុករថាជា “អ្នកប្រឆាំងពួកយូដា” និងការចាប់ខ្លួននិស្សិតរាប់រយនាក់ជាបន្តបន្ទាប់ក៏ដោយ ក៏ការតវ៉ាប្រឆាំងសង្រ្គាមនៅតែបន្តទទួលបានសន្ទុះ។

សាកលវិទ្យាល័យ Southern California (USC) ដែលជាសាកលវិទ្យាល័យស្រាវជ្រាវឯកជនដ៏ល្បីមួយមានទីតាំងនៅទីក្រុង Los Angeles បានបិទទ្វាររបស់ខ្លួនចំពេលមានភាពតានតឹងកើនឡើង បន្ទាប់ពីបាតុករគាំទ្រប៉ាឡេស្ទីនបានប៉ះទង្គិចជាមួយប៉ូលិសកាលពីថ្ងៃពុធ។

ការកើនឡើងនៃចំនួនអ្នកតវ៉ា រួមទាំងនិស្សិត និងមិនមែននិស្សិត បានចាប់ផ្តើម “ការកាន់កាប់សាមគ្គីភាពហ្គាហ្សា” នៅសួនអតីតនិស្សិតនៃសាកលវិទ្យាល័យកាលពីព្រឹកថ្ងៃពុធម្សិលមិញនេះ។

អ្នករៀបចំការតវ៉ាគឺ USC Divest from Death Coalition បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេ “បានបង្កើតការកាន់កាប់នេះដោយសាមគ្គីភាពជាមួយប្រជាជនហ្គាហ្សា ដែលផ្តល់អំណាចដោយសកម្មភាពរបស់មិត្តភ័ក្តិរបស់យើងនៅតាមសាខាផ្សេងៗគ្នានៅទូទាំងប្រទេស”។

សេចក្តីថ្លែងការណ៍បានបន្ថែមថា “យើងឈរនៅទីនេះ ដើម្បីចូលរួមការអំពាវនាវទូទាំងប្រទេសដោយនិស្សិត សម្រាប់សាកលវិទ្យាល័យរបស់ពួកគេឱ្យបង្ហាញពីហិរញ្ញវត្ថុ និងអំណោយទានរបស់ពួកគេ ដើម្បីដកខ្លួនចេញពីអំពើហឹង្សារបស់អ៊ីស្រាអែល និងដើម្បីការពារប៉ាឡេស្ទីន”។

USC Divest Death Coalition បានឲ្យដឹងទៀតថា វាត្រូវបានបង្កើតឡើងដោយនិស្សិត USC បុគ្គលិកមហាវិទ្យាល័យ អតីតនិស្សិត និងសមាជិកសហគមន៍ Los Angeles នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

USC បានទទួលរងការតវ៉ាបន្ទាប់ពីសាកលវិទ្យាល័យបានប្រកាសកាលពីសប្តាហ៍មុនថាខ្លួនបានលុបចោលសុន្ទរកថា ដែលបានគ្រោងទុករបស់លោក Asna Tabassum បន្ទាប់ពីការប្រកាសដែលគាំទ្រប៉ាឡេស្ទីន ដោយលើកឡើងពីហានិភ័យសុវត្ថិភាពនៃបរិវេណសាលា៕ប្រែសម្រួល ឈូក បូរ៉ា

To Top