ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Honda គ្រោងវិនិយោគ ១១ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រ EV ថ្មី នៅក្នុងប្រទេសកាណាដា

Xinhua

តូក្យូ៖ ក្រុមហ៊ុន Honda Motor Co បានឲ្យដឹងថា ខ្លួនមានបំណងសាងសង់គ្រឿងបរិក្ខាររថយន្តអគ្គិសនីថ្មីនៅក្នុងប្រទេសកាណាដា រួមទាំងរោងចក្រ EV និងរោងចក្រផលិតអាគុយ នៅក្នុងគម្រោង ដែលការវិនិយោគសរុបនឹងឈានដល់ប្រហែល ១៥ពាន់លានដុល្លារកាណាដា (១១ពាន់លានដុល្លារ) ។

ក្រុមហ៊ុនផលិតរថយន្តជប៉ុនបានឲ្យដឹងថា ខ្លួនបានចាប់ផ្តើមពិភាក្សាជាមួយអាជ្ញាធរកាណាដាលើការឧបត្ថម្ភធន សម្រាប់រោងចក្រថ្មីនេះ ដែលត្រូវបានសាងសង់រួមជាមួយរោងចក្រ ដែលមានស្រាប់របស់ខ្លួននៅជិតទីក្រុងតូរ៉ុនតូ។

ក្នុងការដេញថ្លៃ ដើម្បីបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ EV ពេញលេញនៅក្នុងប្រទេសកាណាដា ក្រុមហ៊ុន Honda ត្រូវបានគេរំពឹងថា នឹងផ្តល់ ៦០ ទៅ ៧០ ភាគរយនៃការវិនិយោគសរុប ដោយមានអ្នកផ្គត់ផ្គង់សម្ភារៈក៏ចែករំលែកការចំណាយផងដែរ។

ក្រុមហ៊ុន Honda បានឲ្យដឹងថា ខ្លួនគ្រោងនឹងចាប់ផ្តើមផលិតនៅរោងចក្រ EV ថ្មីដែលនឹងជារោងចក្រទីពីរនៅអាមេរិកខាងជើងនៅឆ្នាំ២០២៨ ដោយកំណត់សមត្ថភាពផលិតរបស់ខ្លួនរហូតដល់ ២៤០,០០០គ្រឿងក្នុងមួយឆ្នាំ។

ប្រធានក្រុមហ៊ុន Honda លោក Toshihiro Mibe បានឲ្យដឹងក្នុងពិធីមួយនៅឯរោងចក្ររបស់ក្រុមហ៊ុនក្នុងខេត្ត Ontario ដោយមានការចូលរួមពីនាយករដ្ឋមន្រ្តីកាណាដា Justin Trudeau ថា “ដើម្បីពន្លឿនកិច្ចខិតខំប្រឹងប្រែងផ្នែកអគ្គិសនីរបស់យើងនៅក្នុងប្រទេសកាណាដា ហើយក្រុមហ៊ុន Honda នឹងបោះជំហានដ៏សំខាន់មួយទៀតឆ្ពោះទៅមុខ” ។

លោក Mibe បានលើកឡើងថា “យើងនឹងបង្កើតប្រព័ន្ធផ្គត់ផ្គង់ ដែលមានស្ថេរភាព សម្រាប់អាគុយ EV និងធ្វើឱ្យ EVs របស់យើងកាន់តែមានការប្រកួតប្រជែងតម្លៃ” ។

លោក Trudeau បានលើកឡើងថា “ថ្ងៃនេះ ក្រុមហ៊ុន Honda កំពុងបង្កើតប្រវត្តិសាស្ត្ររថយន្តកាណាដា ជាមួយនឹងការប្រកាសនេះ យើងនឹងវិនិយោគ ដើម្បីបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់រថយន្តអគ្គិសនីដ៏ទូលំទូលាយដំបូងគេរបស់ប្រទេសកាណាដា ពីដើមដល់ចប់”៕ ប្រែសម្រួល ឈូក បូរ៉ា

To Top