ព័ត៌មានអន្តរជាតិ

លោក Wang Yi ជួបពិភាក្សា​ ជាមួយលោក Blinken

ថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២៤ លោក Wang Yi សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន បានជួបពិភាក្សា ជាមួយលោក Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកនៅក្រុងប៉េកាំង ។

លោក Wang Yi បានថ្លែងថា ៖ កាលពីខែវិចិ្ឆកា ឆ្នាំ២០២៣ លោក Xi Jinping ប្រធានរដ្ឋចិន និងលោក Biden ប្រធានាធិបតីអាមេរិក បានជួបសន្ទនា ដោយជោគជ័យ នៅក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ភាគីទាំងពីរចិន និងអាមេរិកគួរអនុវត្តគំនិតឯកភាពរួម ឱ្យបានជាក់លាក់ និងត្រឹមត្រូវ ។ បើសិនជាអាមេរិក ចេះតែចាត់ទុកចិនជាគូប្រជែងសំខាន់ នោះទំនាក់ទំនងរវាងគ្នា និងគ្នា មានតែកើតមានបញ្ហាកាន់តែច្រើនឡើងៗ ។

លោក Wang Yi បានគូសបញ្ជាក់ថា បញ្ហាតៃវ៉ាន់ ជាខ្សែបន្ទាត់ក្រហមទីមួយ ដែលមិនអាច បំពានបានសម្រាប់ទំនាក់ទំនងចិន-អាមេរិក។ ភាគីចិនទាមទារឱ្យអាមេរិក គោរពម៉ឺងម៉ាត់ នូវគោលការណ៍ចិនតែមួយ និងសេចក្តីប្រកាសរួម ទាំង៣ រវាងចិននិងអាមេរិក បញ្ឈប់ការលក់សព្វាវុធ អោយតៃវ៉ាន់ ហើយគាំទ្រការបង្រួបបង្រួម ដោយសន្តិវិធីរបស់ប្រទេសចិន ។

លោក Wang Yi បានបន្តថា សិទ្ធិអភិវឌ្ឍន៍របស់ប្រជាជនចិនមិនអាចដកហូតបានឡើយ ។ អាមេរិកត្រូវបញ្ឈប់ការឃោសនា ក្លែងក្លាយអំពីអ្វីដែលហៅថា «អតិរេកផ្នែកសមត្ថភាពផលិតកម្ម របស់ប្រទេសចិន» ហើយលុបចោលការដាក់ទណ្ឌកម្មខុសច្បាប់ ចំពោះសហគ្រាសចិន ។

លោក Wang Yi បានបន្តថា តំបន់អាស៊ីប៉ាស៊ីហ្វិកមិនត្រូវក្លាយជាសង្វៀនប្រកួតប្រជែងរវាង ប្រទេសធំនោះទេ។ សង្ឃឹមថា ភាគីអាមេរិកមាន ជម្រើសដ៏ត្រឹមត្រូវ ដើរស្របតាមទិសដៅដូចគ្នា ជាមួយចិន ធ្វើអន្តរកម្មវិជ្ជមានអក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក កុំគំរាមកំហែងឱ្យប្រទេសក្នុងតំបន់ ជ្រើសរើសឈរនៅម្ខាងណា បញ្ឈប់ការដាក់ពង្រាយ មីស៊ីលរយៈចម្ងាយមធ្យមនៅអាស៊ី-ប៉ាស៊ីហ្វិក បញ្ឈប់ទង្វើដែលបំផ្លាញ ផលប្រយោជន៍សន្តិសុខ ខាងយុទ្ធសាស្ត្ររបស់ចិន ហើយបញ្ឈប់ការបំផ្លាញសន្តិសុខ និងស្ថិរភាពក្នុងតំបន់ ដែលទទួលបានដោយមិនងាយ។

ជាការឆ្លើយតប លោក Blinkenបានថ្លែងថា ទំនាក់ទំនងអាមេរិកនិងចិនជាទំនាក់ទំនង ទ្វេភាគី សំខាន់បំផុតនៅលើពិភពលោក ។ អាមេរិកបន្តអនុវត្ត តាមគោលការណ៍ចិន តែមួយ មិនគាំទ្រ «តៃវ៉ានឯករាជ្យ»ទេ។ អាមេរិកគ្មានបំណងកើតមានការប៉ះទង្គិចជាមួយចិនទេ ហើយក៏មិនចង់កាត់ ផ្តាច់ខ្សែសង្វាក់ជាមួយចិន និងមិនមានបំណងរារាំងការអភិវឌ្ឍន៍ របស់ចិនឡើយ។ អាមេរិកមានឆន:រួមជាមួយចិន បន្តឈានទៅមុខដោយឈរលើមូលដ្ឋាន នៃគំនិតឯកភាពក្រុងសាន់ហ្វ្រាន់ស៊ីស្កូ របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ដើម្បីជំរុញឱ្យទំនាក់ទំនង អាមេរិក- ចិនវិវឌ្ឍរីកចម្រើនដោយស្ថិរភាព។

ភាគីទាំងពីរក៏បានផ្លាស់ប្តូរមតិយោបល់ អំពីបញ្ហាមួយចំនួន ដូចជា បញ្ហាអ៊ុយក្រែន ការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល បញ្ហាកូរ៉េខាងជើង និងបញ្ហាមីយ៉ាន់ម៉ា ជាដើម និងបានឯកភាពគ្នាថា កិច្ចជំនួបពិភាក្សាលើកនេះមានលក្ខណ:ស្មោះត្រង់ ជាក់ស្តែង ហើយមាន លក្ខណ:ស្ថាបនា ភាគីទាំងពីរយល់ព្រមបន្ត អភិវឌ្ឍទំនាក់ទំនងគ្នា តាមការចង្អុលបង្ហាញ របស់ ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ៕
ដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top