“បច្ចុប្បន្ននេះ វិស័យបន្ទះថ្ម ថាមពលពន្លឺព្រះអាទិត្យ ទទួលបានការវិវឌ្ឍជាច្រើន គឺដោយមកពីប្រទេសចិន បានខិតខំប្រឹងប្រែង កាត់បន្ថយតម្លៃដើម ។ ហើយវិស័យរថយន្តអគ្គិសនីក៏មានសភាពដូចនេះដែរ ។” ពេលថ្មីៗកន្លងទៅនេះ លោក Amin Nasser នាយកប្រតិបត្តិ(CEO)នៃក្រុមហ៊ុនប្រេងកាត Saudi Aramco របស់អារ៉ាប៊ីសាអូឌីត ដែលជាក្រុមហ៊ុនប្រេងកាតដ៏ធំបំផុត លើពិភពលោកបានថ្លែង ក្នុងមហាសន្និបាត ថាមពលពិភពលោកលើកទី២៦ថា ការអភិវឌ្ឍ នៃឧស្សាហកម្មថាមពលថ្មី របស់ចិនបានជំរុញការសម្រេច បាននូវគោលដៅបញ្ចេញកាបូនសូន្យ របស់ប្រទេសប៉ែកខាងលិច ក៏ដូចជាបានដើរតួនាទីដ៏សំខាន់ ក្នុងការធ្វើបរិវត្តកម្ម នៃថាមពលសកលផងដែរ ។
ខណៈមនុស្សមួយចំនួន របស់ភាគីអាមេរិក បានឃោសនាបំប៉ោងពី “អតិរេកផលិតកម្ម” របស់ចិន និងការវាយប្រហារ ទៅលើទីផ្សារសកល ពាក្យសម្តីដ៏យុតិ្តធម៌ របស់លោក Amin Nasser នេះបានតំណាងការយល់ដឹង ដែលប្រកបដោយវិចារណញ្ញាណ និងសត្យានុម័ត នៃសហគមន៍អន្តរជាតិ ។ បើនិយាយចំពោះពិភពលោក តើសមត្ថភាពផលិតកម្មបៃតង របស់ចិនមានន័យអ្វី? ការពិតជាក់ស្តែងគឺជាចម្លើយដ៏ល្អបំផុត ។
បើនិយាយពីឫសគល់ ការអភិវឌ្ឍសេដ្ឋកិច្ច គឺដើម្បីកែលំអជីវភាពរស់នៅ ។ ផលិតផលថាមពលថ្មី គឺកាន់តែយកចិត្តទុកដាក់ និងផ្ដោតលើភាពបៃតង សមត្ថភាពនិងកម្រិតផាសុកភាព ដែលបានសមស្រប នឹងតម្រូវការប្រើប្រាស់ក្នុងទីផ្សារ ប៉ុន្តែព្រមពេលជាមួយគ្នានេះ ក៏មានបញ្ហាដូចជាតម្លៃដើមថ្លៃ ពេកជាដើម ។ ប្រទេសចិន បានប្រើប្រាស់ការច្នៃប្រឌិតថ្មី ខាងបច្ចេកវិទ្យានិងប្រព័ន្ធខ្សែក្រវាត់ ឧស្សាហកម្មដ៏ពេញលេញ ផ្តល់ផែនការដំណោះស្រាយ ដែលទូទាំងពិភពលោកអាចទទួលបាន បានជំរុញការផ្សព្វផ្សាយ ជាទូទៅនៃផលិតផលថាមពលថ្មី ។
សូមយករថយន្តថាមពលថ្មីជាឧទាហរណ៍ ។ តាមការវិភាគមួយនៃក្រុមហ៊ុនគ្រប់គ្រងនិងប្រឹក្សាយោបល់ McKinsey បានឱ្យដឹងថា រថយន្តអគ្គិសនីចិនមានតម្លៃថោក ប្រហែល២០ឬ៣០ភាគរយ បើប្រៀបធៀបនឹងរថយន្តដែលផលិតដោយក្រុមហ៊ុនអឺរ៉ុប ។មូលហេតុដ៏សំខាន់មួយគឺ រយៈពេលដែលចិនអភិវឌ្ឍន៍ ស៊េរីរថយន្តថ្មីប្រហែល ជាពាក់កណ្តាលនៃទ្វីបអឺរ៉ុប ។ ដូច្នេះ ផលិតកម្មបៃតងរបស់ចិន អាចផ្តល់ផលិតផល ដែលមានគុណភាពខ្ពស់និងតម្លៃថោក ដល់អ្នកប្រើប្រាស់សកល ក៏ដូចជាបានបន្ធូរបន្ថយកម្លាំង សម្ពាធអតិផរណា ដែលកើតឡើងដោយកង្វះខាត នៃថាមពលប្រពៃណី ពោលគឺបានផ្តល់ផលប្រយោជន៍ ជាក់ស្តែងយ៉ាងប្រាកដប្រជាដល់អ្នកប្រើប្រាស់ ។
បើនិយាយចំពោះបណ្តាប្រទេសនានា លើពិភពលោក ផលិតកម្មថាមពលថ្មីរបស់ចិន បាននាំមកនូវកម្លាំងចលករថ្មីនៃការអភិវឌ្ឍ ។ បច្ចុប្បន្ននេះ ប្រទេសនានា បាននិងកំពុងជំរុញ ការលើកកម្ពស់លំដាប់ថ្នាក់ នៃឧស្សាហកម្មផលិតកម្ម និងការធ្វើបរិវត្តកម្មភាពបៃតង និងកាបូនទាប ដូច្នេះ ត្រូវការគ្រឿង បរិក្ខារពាក់ព័ន្ធនិងគ្រឿង បន្លាស់ជាបន្ទាន់ ដើម្បីធ្វើការអភិវឌ្ឍនិង ប្រើប្រាស់ថាមពលថ្មី ។ ក្នុងនាមជាទីផ្សារថាមពល ដែលអាចកកើតឡើងវិញ និងប្រទេសផលិតគ្រឿងបរិក្ខារដ៏ធំបំផុត លើទូទាំងពិភពលោក ប្រទេសចិនបានដើរតួនាទីដ៏សំខាន់ ។ ពេលថ្មីៗកន្លងទៅនេះ ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានចុះផ្សាយអត្ថបទថា ការធ្វើបរិវត្តកម្មថាមពលសកលមានក្តីសង្ឃឹមគឺដោយមកពីចិនបានផ្តល់ផលិតផលតម្លៃទាបនិងស្អាតស្អំ ។
អ្វីដែលកាន់តែសំខាន់ ជាងទៀតគឺ ក្នុងការងារឆ្លើយតប នឹងបម្រែបម្រួលអាកាសធាតុសកល សមត្ថភាពផលិតកម្មបៃតងរបស់ចិនបានរួមចំណែកជាច្រើន ។ ក្នុងនាមជាប្រទេស កំពុងអភិវឌ្ឍន៍ដ៏ធំបំផុត លើពិភពលោក ចិនមិនត្រឹមតែបានសន្យាថា នឹងសម្រេចបាននូវការកាត់បន្ថយការ បញ្ចេញកាបូន បន្ទាប់ពីឡើង ដល់ចំណុច កំពូលនិងអព្យាក្រឹតភាព កាបូនក្នុងរយៈពេលដ៏ខ្លីបំផុតក្នុងប្រវត្តិសាស្ត្រ ទូទាំងពិភពលោកប៉ុណ្ណោះទេ ថែមទាំងក៏បានជួយ ប្រទេសផ្សេងទៀត លើកកម្ពស់សមត្ថភាព ទប់ទល់នឹងបម្រែបម្រួល អាកាសធាតុតាមរយៈវិធីផ្តល់ការគាំទ្រខាងបច្ចេកវិទ្យា លើកកម្ពស់សមត្ថភាពនិង ផ្តល់ជំនួយជាថវិកា ជាដើមផងដែរ ។
ប្រឈមមុខនឹងការពិតជាក់ស្តែង អ្វីដែលហៅថា “អតិរេកផលិតកម្ម” ដែលឃោសនាបំប៉ោង ដោយសហរដ្ឋអាមេរិក និងប្រទេសប៉ែកខាងលិច នឹងត្រូវបំបែក និងលាតត្រដាងតែម្តង ។ បញ្ហាដ៏ពិតប្រាកដដែលពិភពលោកប្រឈមមុខមិនមែន “អតិរេក”នៃផលិតកម្មបៃតង នោះទេ តែគឺកង្វះខាត យ៉ាងធ្ងន់ធ្ងរ ។ ហើយផលិតផលដែលប្រទេសចិនបាននិងកំពុងផលិត គឺជារបស់ដែលពិភពលោក ត្រូវការជាបន្ទាន់ដ៏ពិតប្រាកដ ៕