ញ៉ូដេលី៖ រដ្ឋាភិបាលក្នុងតំបន់ ក្នុងរដ្ឋ Mizoram ដែលស្ថិតនៅភាគឦសាននៃប្រទេសឥណ្ឌា បានប្រកាសអាសន្នក្នុងកម្រិតខ្ពស់ ក្រោយពីមានការផ្ទុះឡើង នៃជំងឺប៉េស្តជ្រូកអាហ្វ្រិក ហៅកាត់ថា (ASF) ។
គិតរហូតមកដល់ពេលនេះ មេរោគនេះបានសម្លាប់សត្វជ្រូក អស់ចំនួន១៧៤ក្បាល ។
នាយកដ្ឋានបសុសត្វ និងបសុពេទ្យរបស់រដ្ឋខាងលើបានឲ្យដឹងថា ការផ្ទុះឡើងត្រូវបានរាយការណ៍ពីទីក្រុង Aizawl និងស្រុកចំនួន២ដែលស្ថិតនៅជាប់គ្នា គឺស្រុក Saitual និង Champhai ។
មន្ត្រីមួយរូបបានឲ្យដឹងថា “ក្រោយពីការបញ្ជាក់ថា ជាជំងឺ ASF នាយកដ្ឋានបសុសត្វ និង បសុពេទ្យបានប្រកាសដល់ភូមិ និងមូលដ្ឋានផ្សេងៗ នៃស្រុកទាំង៣ថា មានមេរោគ និង បានដាក់ការហាមឃាត់ទាំងស្រុងលើការនាំចេញ ឬនាំចូលជ្រូកពីតំបន់ ដែលមានមេរោគទាំងនេះ” ។ “ក៏បានហាមឃាត់សម្រាប់ការលក់ ឬការសម្លាប់សត្វជ្រូក ដែលមានសុខភាពល្អ និងឈឺផងដែរ” ។
សេចក្តីណែនាំដែលចេញដោយនាយកដ្ឋានដដែលនេះបានឲ្យដឹងថា គ្រោងឆ្អឹងសត្វជ្រូកដែលងាប់ត្រូវតែកប់ជាមួយកំបោរនៅកន្លែងដែលបានកំណត់ ។
មន្រ្តីទទួលបន្ទុកកិច្ចការជំងឺឆ្លងបានឲ្យដឹង ជំងឺ ASF បានវាយប្រហារនៅរដ្ឋ Mizoram ជាលើកដំបូងក្នុងឆ្នាំ២០២១ ហើយចាប់តាំងពីពេលនោះមក ការផ្ទុះឡើងត្រូវបានគេរាយការណ៍ជាច្រើនលើកមកហើយ ។
នៅចន្លោះឆ្នាំ២០២១ និងឆ្នំា២០២៣យ៉ាងហោចណាស់សត្វជ្រូក និងកូនជ្រូកចំនួន៤៧.២៦៩ក្បាលបានងាប់ដោយសារជំងឺឆ្លង ASF ខណៈដែលសត្វជ្រូកចំនួន២៥.១៨២ក្បាលត្រូវបានសម្លាប់ចោល ។
គួរបញ្ជាក់ថា ជំងឺឆ្លង ASF ជាជំងឺដែលមានការឆ្លងរាលដាលខ្លាំង ហើយជំងឺនេះ មេរោគដ៏កាចសាហាវប៉ះពាល់ដល់ជ្រូកព្រៃ និងជ្រូកក្នុងស្រុក ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា