ព័ត៌មានអន្តរជាតិ

បារាំង ស្នើសុំខ្ចីប្រព័ន្ធការពារដែនអាកាស ពីប្រទេសក្រិក សម្រាប់ការពារក្នុងព្រឹត្តិការណ៍ ប្រកួតកីឡាអូឡាំពិក

Afp

បរទេស៖ កាសែត Kathimerini របស់ក្រិកបានរាយការណ៍ដោយដកស្រង់ប្រភពថា រដ្ឋាភិបាលបារាំងបានស្នើសុំជាផ្លូវការក្នុងការខ្ចីប្រព័ន្ធការពារដែនអាកាសពីប្រទេសក្រិកសម្រាប់រយៈពេលនៃព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិក ក្នុងទីក្រុងប៉ារីស។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រទេសបារាំងបាននឹងកំពុងអំពាវនាវឱ្យសម្ព័ន្ធមិត្តអន្តរជាតិរបស់ខ្លួនជួយពង្រឹងសន្តិសុខសម្រាប់ការប្រកួតកីឡាអូឡាំពិកដែលនឹងដំណើរការចាប់ពីថ្ងៃទី ២៦ ខែកក្កដា ដល់ថ្ងៃទី ១១ ខែសីហា។ ប៉ូលីសនិងកងអាវុធហត្ថបារាំងប្រហែល ៤៥.០០០ នាក់ ទាហាន ១៨.០០០ នាក់ និងសន្តិសុខឯកជនរហូតដល់ ២២.០០០ នាក់ត្រូវបានគេរំពឹងថានឹងធ្វើការនៅព្រឹត្តិការណ៍នេះ។

យោងតាមកាសែត Kathimerini , សំណើសម្រាប់ការផ្ទេរប្រព័ន្ធមីស៊ីលពីដីទៅអាកាសរយៈចម្ងាយខ្លី Crotale ពីកងទ័ពអាកាសក្រិកត្រូវបានដាក់ជូនកាលពីថ្ងៃព្រហស្បតិ៍។ កាសែតនេះបានសរសេរថា ការចរចាការទូតលើការផ្ទេរដែលអាចធ្វើទៅបានបានចាប់ផ្តើមកាលពីខែវិច្ឆិកាឆ្នាំមុន ប៉ុន្តែមិនមានលទ្ធផលអ្វីទេរហូតមកដល់ពេលនេះ។

ប្រព័ន្ធការពារដែនអាកាស Crotale ត្រូវបានផលិតឡើងដោយបារាំង និងត្រូវបានប្រើប្រាស់ដោយកងទ័ពអាកាសក្រិកតាំងពីឆ្នាំ ២០០៣ ។ វាមានរយៈចម្ងាយបាញ់ពី ១១ ទៅ ២០ គីឡូម៉ែត្រ និងរយៈកម្ពស់អតិបរមា ៦គីឡូម៉ែត្រ ដែលកាសែត Kathimerini បាននិយាយថា “ល្អ” សម្រាប់តម្រូវការរបស់ប្រទេសបារាំង៕ ប្រែសម្រួលៈ ណៃ តុលា

To Top