បាងកក៖ ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានអនុម័តការរុះរើសមាជិក គណៈរដ្ឋមន្ត្រីជាច្រើនរូបនៅក្នុងរដ្ឋាភិបាល របស់នាយករដ្ឋមន្រ្តីលោក ស្រេតថា ថាវីស៊ីន។
យោងតាមសារព័ត៍មានរបស់រដ្ឋាភិបាលថៃ អតីតប្រធានផ្សារហ៊ុនថៃលោក Pichai Chunhavajira ត្រូវបានតែងតាំងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ ដោយទទួលតួនាទីពីលោក ស្រេតថា។
នៅក្នុងការរុះរើគណៈរដ្ឋមន្ត្រី លើកដំបូងចាប់តាំងពីរដ្ឋាភិបាលរបស់លោក ស្រេតថា ចូលកាន់តំណែង សមាជិកថ្មីចំនួន ៦រូបត្រូវបានតែងតាំងក្នុងជួរ រដ្ឋាភិបាល ហើយរដ្ឋមន្ត្រីចំនួន ៤នាក់ត្រូវបានដកចេញពីគណៈរដ្ឋមន្ត្រី។
ទីភ្នាក់ងារព័ត៌មានផ្លូវការថៃ (TNA) បានរាយការណ៍ផងដែរថា រដ្ឋមន្ត្រីការបរទេសថៃ លោក Parnpree Bahiddha-Nukara បានប្រកាសលាលែងពីមុខតំណែង ជារដ្ឋមន្ត្រីការបរទេស នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានថៃ (TNA) ដោយដកស្រង់លិខិតលាលែងពីតំណែង ដែលបានផ្ញើជូននាយករដ្ឋមន្ត្រីលោក ស្រេតថា ថាវីស៊ីន។
ការលាលែងនេះ ធ្វើឡើងនៅពេលដែលលោក Parnpree ត្រូវបានដកចេញពីតំណែងជាឧបនាយករដ្ឋមន្ត្រី បន្ទាប់ពីមានការរុះរើសមាជិក គណៈរដ្ឋមន្ត្រីជាច្រើននាក់ នៅក្នុងរដ្ឋាភិបាលលោក ស្រេតថា ដូចដែលបានអនុម័តនៅក្នុង Royal Gazette កាលពីថ្ងៃអាទិត្យ។
ដោយសង្កត់ធ្ងន់លើសារៈសំខាន់ នៃតំណែងឧបនាយករដ្ឋមន្ត្រី សម្រាប់គោលនយោបាយ ការបរទេសរបស់ប្រទេសថៃ លោក Parnpree បានប្រាប់ TNA ថា ប្រសិនបើគ្មានតួនាទីពីរទេនោះ សមត្ថភាពរបស់លោក ក្នុងការជំរុញផលប្រយោជន៍ គោលនយោបាយការបរទេសរបស់ថៃ ប្រកបដោយប្រសិទ្ធភាពអាចនឹងត្រូវបានរារាំង។
លោកត្រូវបានគេដកស្រង់សម្ដីថា ជាទម្លាប់ រដ្ឋមន្ត្រីការបរទេសថៃ កាន់តំណែងឧបនាយករដ្ឋមន្ត្រី ដោយលើកកម្ពស់ឋានៈរបស់ពួកគេ និងជួយសម្រួលដល់ការចរចាឲ្យកាន់តែរលូនក្នុងពេលមានការចូលរួមនៅបរទេស៕
ប្រែសម្រួល ឈូក បូរ៉ា