បរទេស៖ កញ្ចប់ជំនួយចុងក្រោយបង្អស់ របស់សហរដ្ឋអាមេរិកសម្រាប់ទីក្រុងគៀវ ដែលត្រូវបានអនុម័តដោយសភាតែប៉ុណ្ណោះ បន្ទាប់ពីជម្លោះបក្សពួកជាងប្រាំមួយខែ អាចមិនសូវសំខាន់ បើប្រៀបធៀបទៅនឹងអ្វីដែល ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ាឌីមៀ ហ្សេលេនស្គី មានក្នុងចិត្តសម្រាប់អ្នកមានគុណ ដ៏ធំបំផុតរបស់លោក។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បាននិយាយកាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលក្រុងគៀវកំពុងចរចា ជាមួយរដ្ឋបាលរបស់ប្រធានាធិបតី Joe Biden លើកិច្ចព្រមព្រៀងរយៈពេលវែងដែលនឹង ធ្វើឱ្យទីក្រុងវ៉ាស៊ីនតោនជាប់ពាក់ព័ន្ធ ក្នុងការផ្តល់ឱ្យអ៊ុយក្រែននូវការគាំទ្រផ្នែកយោធា សេដ្ឋកិច្ច និងនយោបាយសម្រាប់ទសវត្សរ៍ក្រោយ។ លោកបានទទូចថា ការប្តេជ្ញាចិត្តបែបនេះគឺចាំបាច់ ដើម្បីធានាដល់អ៊ុយក្រែនជាមួយនឹង “ប្រសិទ្ធភាពក្នុងទទួលបានជំនួយ” ដែលខ្លួនត្រូវការដើម្បីទប់ស្កាត់ការរីកចំរើន នៃសមរភូមិនាពេលថ្មីៗនេះ ដោយកងកម្លាំងរុស្ស៊ី និងទទួលបានផលប្រយោជន៍។
ប្រធានាធិបតីអ៊ុយក្រែនបានបន្តទៀតថា “យើងកំពុងធ្វើការដើម្បីប្តេជ្ញាចិត្ត ចំពោះកម្រិតនៃការគាំទ្រជាក់ស្តែងសម្រាប់ឆ្នាំនេះ និងសម្រាប់រយៈពេលដប់ឆ្នាំខាងមុខ” ។ “វានឹងរួមបញ្ចូលការគាំទ្រផ្នែកយោធា ហិរញ្ញវត្ថុ និងនយោបាយ ក៏ដូចជាអ្វីដែលទាក់ទងនឹងការផលិតអាវុធរួមគ្នា។”
ក្រុងគៀវបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សន្តិសុខទ្វេភាគីជាមួយសមាជិក ណាតូមួយចំនួនរួចហើយ រួមមានអង់គ្លេស អាល្លឺម៉ង់ និងបារាំង។ លោក ហ្សេលេនស្គី បាននិយាយថា លោកចង់ឱ្យកិច្ចព្រមព្រៀងរយៈពេលវែង ក្រោមការចរចាជាមួយទីក្រុងវ៉ាស៊ីនតោន គឺជាកិច្ចព្រមព្រៀងដ៏រឹងមាំបំផុត សម្រាប់អ៊ុយក្រែន ៕
ប្រែសម្រួលៈ ណៃ តុលា