ព័ត៌មានអន្តរជាតិ

កម្តៅឡើងខ្លាំង នៅហ្វីលីពីនលើសពី ៥០អង្សាសេ បង្កផលប៉ះពាល់ដល់ផលិតកម្មកសិកម្ម អាជីវកម្ម និងការសិក្សា

AFP

ម៉ានីល៖ កម្តៅដ៏ក្តៅគគុកនៅក្នុងប្រទេសហ្វីលីពីន អាចធ្វើឲ្យផលិតកម្មកសិកម្មរងការរំខាន ដោយសារខ្វះខាតទឹកស្រោចស្រព និងថាមពល និងធ្វើឱ្យប៉ះពាល់ដល់អាជីវកម្ម វាក៏ធ្វើឱ្យប៉ះពាល់ដល់ការ សិក្សារបស់និស្សិតផងដែរ ដោយរារាំងដល់កិច្ចខិតខំប្រឹងប្រែង របស់ប្រទេសអាស៊ីអាគ្នេយ៍មួយក្នុងការ ធ្វើយ៉ាងណាឲ្យតាមទាន់ ប្រទេសជិតខាងក្នុងវិស័យអប់រំ ។

សន្ទស្សន៍កម្តៅបានឡើងដល់ ៥០អង្សារសេ នៅក្នុងតំបន់ផ្សេងៗក្នុងប្រទេសហ្វីលីពីន ដោយសារបាតុភូតអាកាសធាតុ El Nino បង្កើនកម្តៅគ្របដណ្តប់ប្រទេស ក្នុងរដូវក្តៅរបស់ខ្លួនពីខែមីនាដល់ខែឧសភា។

ហ្វីលីពីន ទទួលបានពិន្ទុទាបបំផុត ក្នុងពិភពលោកក្នុងផ្នែកគណិតវិទ្យា វិទ្យាសាស្ត្រ និងការអាន ដែលមួយផ្នែកដោយសារតែ ការរៀនពីចម្ងាយមិនគ្រប់គ្រាន់ជាច្រើនឆ្នាំ ក្នុងអំឡុងពេលមានជំងឺឆ្លងរាតត្បាត ។ នេះបើយោងតាមកម្មវិធីសម្រាប់ការ វាយតម្លៃសិស្សអន្តរជាតិដែលជា ការសិក្សាអន្តរជាតិនៃប្រព័ន្ធអប់រំ បានឲ្យដឹងដូច្នេះ ។

សិស្សវិទ្យាល័យ Kirt Mahusay អាយុ២៣ឆ្នាំ ដែលការអប់រំត្រូវបានបញ្ឈប់ក្នុងអំឡុងពេលជំងឺកូវីដ-១៩ បាននិយាយថា “ឥឡូវនេះវាក្តៅខ្លាំងណាស់ ។ កម្តៅបានឆេះស្បែករបស់ខ្ញុំ វាមិនដូចកម្តៅធម្មតាទេ (រដូវក្តៅ) ដែលអាចទ្រាំទ្របាន” ។

ទិន្នន័យរបស់ក្រសួងអប់រំបានបង្ហាញឲ្យដឹងថា សាលារៀនរាប់ពាន់បានផ្អាកថ្នាក់រៀន ដោយសារកម្តៅដែលប៉ះពាល់ដល់សិស្សជាង៣,៦លាននាក់។

លោក Xerxes Castro ទីប្រឹក្សាអប់រំមូលដ្ឋានបានលើកឡើងថា “នៅក្នុងខែឧសភានេះ យើងរំពឹងថា នឹងមានការផ្អាកថ្នាក់រៀនបន្ថែមទៀត ដោយសារតែរលកកម្តៅ ។ យើងឃើញជាមធ្យមលើសពី ៥២អង្សាសេ ដូច្នេះអ្នកអាចស្រមៃមើល ថាតើ វានឹងមានភាពតានតឹងប៉ុណ្ណាសម្រាប់អ្នកសិក្សា” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top