បរទេស៖យោងតាមការចេញផ្សាយ របស់ RT តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ហៅកាត់ថាICC អាចចោទប្រកាន់ នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក Benjamin Netanyahu និងមន្ត្រីកំពូល របស់គាត់ពីបទឧក្រិដ្ឋកម្មសង្រ្គាម និងចេញដីកាសម្រាប់ការ ចាប់ខ្លួនពួកគេនៅ ដើមសប្តាហ៍នេះ។
ដោយលើកឡើងពីមន្ត្រីអ៊ីស្រាអែល បណ្តាញអាមេរិក បានអះអាងថា ដីកាអាចត្រូវបានចេញ សម្រាប់លោក Netanyahu រដ្ឋមន្ត្រីការពារជាតិ Yoav Gallant និងមន្ត្រីយោធាជាន់ខ្ពស់ ដែលមិនបញ្ចេញឈ្មោះ ។ មន្ត្រីរូបនេះបាននិយាយថា អ៊ីស្រាអែលកំពុងធ្វើការតាមរយៈបណ្តាញការ ទូតដើម្បីព្យាយាម បញ្ឈប់ការចេញដីកា។
យោងតាមប្រព័ន្ធផ្សព្វផ្សាយ អ៊ីស្រាអែលផងដែរ គេបានដឹងទៀតថា មេទ័ពលោក Herzl Halevi ក៏ស្ថិតក្នុងចំណោមមន្ត្រីយោធា ដែលប្រឈម មុខនឹងការចោទប្រកាន់ នេះផងដែរ។
តុលាការ ICC មិនបានបញ្ជាក់ ឬបដិសេធរបាយការណ៍នេះទេ ដោយប្រាប់អ្នកយកព័ត៌មាថា ខ្លួនកំពុងស្ថិតនៅ ក្នុងកិច្ចការងារ ស៊ើបអង្កេតឯករាជ្យដែលកំពុង បន្តទាក់ទងនឹង ស្ថានភាព ក្នុងរដ្ឋប៉ាឡេស្ទីន ហើយ មិនមានការអត្ថាធិប្បាយបន្ថែម ដើម្បីធ្វើនៅដំណាក់កាលនេះទេ ៕
ប្រែសម្រួល៖ស៊ុនលី