ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បញ្ជាក់ពីការត្រៀម​​ ខ្លួន​ជា​ស្រេច ដើម្បី​ជំរុញ​ទំនាក់ទំនង ​មិត្តភាព​ជាមួយ​បណ្ដារដ្ឋ​អាហ្វ្រិក

Xinhua

តេអេរ៉ង់៖ រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ លោក Mohammad-Reza Gharaei Ashtiani បានបង្ហាញពីការត្រៀមខ្លួន របស់ទីក្រុងតេអេរ៉ង់ ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព ជាមួយបណ្ដារដ្ឋអាហ្វ្រិកទាំងអស់ ជាពិសេសប្រទេសឯករាជ្យ និងបដិវត្តន៍ នៃប្រទេសហ្ស៊ីមបាវ៉េ។

លោកបានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងកិច្ចប្រជុំមួយជាមួយនឹងដំណើរ ទស្សនកិច្ចរបស់អនុប្រធានាធិបតីហ្ស៊ីមបាវ៉េ លោកConstantino Chiwenga ក្នុងរដ្ឋធានីតេអេរ៉ង់របស់អ៊ីរ៉ង់ នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ IRNA ។

លោក Ashtiani បានគូសបញ្ជាក់អំពីដំណើរទស្សនកិច្ច របស់ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi ក្នុងខែកក្កដា ឆ្នាំ២០២៣ ទៅកាន់ទីក្រុង Harare និងដំណើរទស្សនកិច្ចនាពេលខាងមុខរបស់ប្រធានាធិបតីហ្ស៊ីមបាវេ លោក Emmerson Mnangagwa ទៅកាន់ទីក្រុងតេអេរ៉ង់ ដោយកត់សម្គាល់ថា អន្តរកម្មទាំងនេះបានគូសបញ្ជាក់ពីសារៈសំខាន់នៃប្រជាជាតិទាំងពីរ ដែលបានដាក់លើការពង្រឹងទំនាក់ទំនងទ្វេភាគី។

លោកបាននិយាយថា បន្ទាប់ពីជ័យជំនះ នៃបដិវត្តន៍អ៊ីស្លាមឆ្នាំ១៩៧៩ របស់អ៊ីរ៉ង់ អាហ្រ្វិកទទួលបានតំណែង ពិសេសមួយ នៅក្នុងគោលនយោបាយ ការបរទេសរបស់ប្រទេស។

ក្នុងអំឡុងកិច្ចពិភាក្សា រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ បានរិះគន់លោកខាងលិច ចំពោះការទទួលយកវិធីសាស្រ្ត “ស្តង់ដារទ្វេរដង” ក្នុងការប្រយុទ្ធប្រឆាំង នឹងអំពើភេរវកម្ម និងដើម្បីរក្សាភាពស្ងៀមស្ងាត់ អំពីការសម្លាប់របស់អ៊ីស្រាអែល លើជនជាតិប៉ាឡេស្ទីន ជាពិសេសកុមារនៅតំបន់ហ្គាហ្សា៕
ប្រែសម្រួល ឈូក បូរ៉ា

To Top