បរទេស ៖ រដ្ឋាភិបាលរុស្ស៊ី បានសម្រេចចិត្តលុបបំបាត់ ពន្ធលើការនាំចេញធ្យូងថ្មកំដៅ និងអាន់ត្រាស៊ីត ចាប់ពីថ្ងៃទី០១ ខែឧសភា ដល់ថ្ងៃទី៣១ ខែសីហា។
រដ្ឋាភិបាលបញ្ជាក់ថា វិធានការនេះ មានគោលបំណងជួយដល់សហគ្រាសឧស្សាហកម្មធ្យូងថ្មក្នុងស្រុក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ប្រទេសរុស្ស៊ី បានដាក់ឱ្យប្រើប្រាស់ឡើងវិញ នូវប្រព័ន្ធពន្ធ ដែលអាចបត់បែនបាន សម្រាប់ការនាំចេញធ្យូងថ្មនៅថ្ងៃទី០១ ខែមីនា ដែលភ្ជាប់អត្រាពន្ធគយ ទៅនឹងអត្រាប្តូរប្រាក់រូបិយបណ្ណ-ដុល្លារ។ អត្រាពន្ធមានចាប់ពី ៤ ទៅ ៧ភាគរយ អាស្រ័យលើអត្រាប្តូរប្រាក់ ប៉ុន្តែនឹងមិនអនុវត្តនោះទេ ប្រសិនបើអត្រាប្តូរប្រាក់តិចជាង ៨០រ៉ូបលក្នុងមួយដុល្លារ ។
វិធានការស្រដៀងគ្នានេះ លើការនាំចេញធ្យូងថ្មត្រូវបានចាត់វិធានការ ដោយប្រទេសរុស្ស៊ីចាប់ពីថ្ងៃទី០១ ខែតុលាដល់ថ្ងៃទី២៧ ខែធ្នូឆ្នាំ២០២៣ ក្នុងគោលបំណងធ្វើឱ្យមានតុល្យភាពរវាងការនាំចេញធ្យូងថ្ម និងតម្រូវការប្រើប្រាស់ក្នុងស្រុក៕
ប្រែសម្រួល ឈូក បូរ៉ា