ព័ត៌មានអន្តរជាតិ

Update ៖ ប្រធានាធិបតីប៉ាឡេស្ទីន ស្តីបន្ទោសសហរដ្ឋអាមេរិក ថាបើគ្មានការគាំទ្រទេនោះ អ៊ីស្រាអ៊ែល នឹងមិនបន្តវាយប្រហារ តំបន់ហ្គាហ្សាឡើយ

Xinhua

រ៉ាម៉ាឡាហ៍៖ កាលពីថ្ងៃអង្គារ លោកប្រធានាធិបតី ប៉ាឡេស្ទីនបានថ្លែងថា អ៊ីស្រាអ៊ែល នឹងមិនហ៊ានបន្តការវាយលុក របស់ខ្លួននៅតំបន់ហ្គាហ្សា ដោយគ្មានការគាំទ្រពីសហរដ្ឋអាមេរិកនោះទេ ។
លោក Nabil Abu Rudeineh អ្នកនាំពាក្យប្រធានាធិបតី ប៉ាឡេស្ទីន បានធ្វើការកត់សម្គាល់ ជាការឆ្លើយតបទៅនឹង សេចក្តីថ្លែងការណ៍ របស់នាយករដ្ឋមន្ត្រី អ៊ីស្រាអ៊ែល Benjamin Netanyahu នៅមុនថ្ងៃ ដែលការលុកលុយក្រុង Rafah ជិតមកដល់ ។ នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មានប៉ាឡេស្ទីន WAFA បានចុះផ្សាយឲ្យដឹងដូច្នេះ ។

លោក Rudeineh បានលើកឡើងថា “ភាពលំអៀងរបស់សហរដ្ឋអាមេរិក ដែលខ្វាក់ភ្នែកចំពោះអ៊ីស្រាអ៊ែល និងការការពារពីការដាក់ទណ្ឌកម្ម និងការចុះចូល ចំពោះភាពស្របច្បាប់អន្តរជាតិ បានបង្ហាញឱ្យឃើញថា រដ្ឋបាលសហរដ្ឋអាមេរិក បានក្លាយជាដៃគូក្នុងឧក្រិដ្ឋកម្មរបស់លោក Netanyahu និងទទួលខុសត្រូវទាំងស្រុង ចំពោះការបន្ត នៃអំពើប្រល័យពូជសាសន៍” ។

លោកបានថ្លែងថា រដ្ឋបាលសហរដ្ឋអាមេរិក គួរតែធ្វើអន្តរាគមន៍ភ្លាមៗ និងបង្ខំអ៊ីស្រាអ៊ែលឱ្យ “បញ្ឈប់ឧក្រិដ្ឋកម្មរបស់ខ្លួន ដែលសំខាន់បំផុត គឺការទប់ស្កាត់ការលុកលុយលើក្រុង Rafah ដែលនឹងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើតំបន់ និងពិភពលោកទាំងមូល” ។

លោកក៏បានអំពាវនាវឲ្យសហគមន៍អន្តរជាតិធ្វើអន្តរាគមន៍ដើម្បីរារាំងអ៊ីស្រាអ៊ែល មិនឲ្យបន្តការឈ្លានពានរបស់ខ្លួនតទៅទៀត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top