ព័ត៌មានអន្តរជាតិ

រដ្ឋសភារបស់វៀតណាម នឹងបើកកិច្ចប្រជុំវិសាមញ្ញលើបញ្ហាបុគ្គល

VN Express

បរទេស៖ អគ្គលេខាធិការរដ្ឋសភារបស់ប្រទេសវៀតណាម លោក Bui Van Cuong បាននិយាយនៅថ្ងៃពុធថា រដ្ឋសភានឹងកោះប្រជុំវិសាមញ្ញមួយនៅរសៀលថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាអំពីបញ្ហាបុគ្គល។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា កិច្ចប្រជុំវិសាមញ្ញដែលត្រូវបានស្នើសុំដោយគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តកាលពីសប្តាហ៍មុន បានយល់ព្រមអនុញ្ញាតឱ្យលោក Vuong Dinh Hue លាលែងពីតំណែងជាប្រធានរដ្ឋសភានីតិកាលទី ១៥ តាមសំណើផ្ទាល់ខ្លួនរបស់លោក។

គណៈកម្មាធិការបាននិយាយថា លោក Hue ត្រូវបានចាត់ទុកថាជាមេដឹកនាំសំខាន់របស់បក្ស និងរដ្ឋ។ ទោះជាយ៉ាងណាក៏ដោយ របាយការណ៍របស់គណៈកម្មាធិការត្រួតពិនិត្យមជ្ឈិម និងអាជ្ញាធរផ្សេងទៀតបាននិយាយថា លោក Hue បានបំពានបទប្បញ្ញត្តិរបស់បក្ស ហើយការបំពានរបស់លោក គឺបានធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់បក្ស រដ្ឋ និងខ្លួនលោក។

ដោយដឹងពីទំនួលខុសត្រូវរបស់ខ្លួននៅចំពោះមុខបក្ស រដ្ឋ និងប្រជាជន លោក Hue បានសម្រេចលាលែងពីមុខតំណែងទាំងអស់របស់លោក។

តំណែងប្រធានរដ្ឋសភាត្រូវបានជ្រើសរើសជាផ្លូវការដោយសភា។ ដូច្នេះ រដ្ឋសភានឹងចាប់ផ្តើមដំណើរការបណ្តេញចេញពីលោក Hue៕ ប្រែសម្រួលៈ ណៃ តុលា

To Top