ព័ត៌មានអន្តរជាតិ

ចៅក្រមពិន័យ អតីតប្រធានាធិបតីអាមេរិក Donald Trump ចំនួន ៩.០០០ដុល្លារ និងគំរាមចាប់លោកដាក់គុក ពីបទមើលងាយតុលាការ

Xinhua

បរទេស៖ ចៅក្រមដែលមើលការខុសត្រូវលើការកាត់ទោសករណីព្រហ្មទណ្ឌសូកប៉ាន់របស់លោក Donald Trump គឺបានពិន័យអតីតប្រធានាធិបតីអាមេរិករូបនេះ ចំនួន ៩.០០០ ដុល្លារ ចំពោះការមើលងាយតុលាការកាលពីថ្ងៃអង្គារ ហើយបាននិយាយថា លោកនឹងពិចារណាដាក់គុកគាត់ ប្រសិនបើគាត់បន្តបំពានលើបទបញ្ជាទៀត។

យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងបទបញ្ជាជាលាយលក្ខណ៍អក្សរ ចៅក្រម Juan Merchan បាននិយាយថា ការផាកពិន័យប្រហែលជាមិនគ្រប់គ្រាន់ដើម្បីជាការរារាំងសម្រាប់អ្នកជំនួញដែលមានទ្រព្យសម្បត្តិ ប្រែក្លាយអ្នកនយោបាយរូបនេះ នោះទេ ហើយបានបង្ហាញការសោកស្ដាយថាគាត់មិនមានអំណាចក្នុងការដាក់ពិន័យខ្ពស់ជាងនេះទេ។

លោក Merchan បានសរសេរថា “ចុងចោទត្រូវបានព្រមានថា តុលាការនឹងមិនអត់ឱនចំពោះការរំលោភបំពានដោយចេតនានៃបទបញ្ជាស្របច្បាប់របស់ខ្លួននោះទេ ហើយប្រសិនបើចាំបាច់ និងសមស្របនៅក្រោមកាលៈទេសៈ នោះខ្លួននឹងដាក់ទណ្ឌកម្មឱ្យជាប់គុក” ។

លោក Merchan បានដាក់ចេញនូវដីកាបង្គាប់បញ្ជា ដើម្បីរារាំងលោក Trump ពីការរិះគន់សាក្សី និងអ្នកផ្សេងទៀតដែលពាក់ព័ន្ធនឹងករណីនេះ។

ចៅក្រមបានពិន័យលោក Trump ចំនួន ១.០០០ដុល្លារ សម្រាប់រាល់ការថ្លែងការណ៍តាមអ៊ីនធឺណិតចំនួនប្រាំបួនដែលគាត់បាននិយាយថា បានរំលោភលើបញ្ជារបស់គាត់មិនឱ្យរិះគន់សាក្សីឬអ្នកចូលរួមផ្សេងទៀតនៅក្នុងការកាត់ក្តី៕ ប្រែសម្រួលៈ ណៃ តុលា

To Top