ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលអូស្ត្រាលី ខកខានក្នុងការរៀបចំ សម្រាប់ហានិភ័យសន្តិសុខ អាកាសធាតុ

Xinhua

កង់បេរ៉ា៖ អតីតមេដឹកនាំយោធា និងចារកម្មបានព្រមានថា រដ្ឋាភិបាលអូស្ត្រាលី កំពុងខកខានក្នុងការរៀបចំផែនការឱ្យបានត្រឹមត្រូវ សម្រាប់ហានិភ័យសន្តិសុខពីការប្រែប្រួលអាកាសធាតុ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

នៅក្នុងរបាយការណ៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ក្រុមមេដឹកនាំសន្តិសុខអូស្ត្រាលី (ASLCG) បានឲ្យដឹងថា រដ្ឋាភិបាលសហព័ន្ធបានបរាជ័យជាមូលដ្ឋានក្នុងការទទួលយកទំហំ និងភាពបន្ទាន់នៃហានិភ័យអាកាសធាតុ។

ASLCG ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២១ ដោយក្រុមអតីតមន្ត្រីយោធា និងសន្តិសុខជាន់ខ្ពស់ រួមទាំងអតីតប្រធានកងកម្លាំងការពារជាតិអូស្ត្រាលី Chris Barrie ដែលបានឲ្យដឹងថា ពួកគេព្រួយបារម្ភថា ផលប៉ះពាល់សន្តិសុខនៃការប្រែប្រួលអាកាសធាតុមិនត្រូវបានដោះស្រាយដោយរដ្ឋាភិបាល។

នៅក្នុងរបាយការណ៍កាលពីថ្ងៃពុធ ពួកគេបាននិយាយថា យុទ្ធសាស្ត្រការពារជាតិឆ្នាំ២០២៤ ដែលបានចេញផ្សាយក្នុងខែមេសា មិនបានទទួលស្គាល់ថាការបង្កើនល្បឿនយ៉ាងឆាប់រហ័សនៃការប្រែប្រួលអាកាសធាតុតម្រូវឱ្យមានការគិតឡើងវិញជាមូលដ្ឋាននៃការគិតផ្នែកសន្តិសុខ និងការការពារ។

របាយការណ៍បានឲ្យដឹងថា ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលរហូតដល់ ១៨ពាន់លានដុល្លារអូស្ត្រាលី (១១,៧ពាន់លានដុល្លារ) ក្នុងការធ្វើឱ្យប្រសើរឡើងនូវមូលដ្ឋានយោធានៅភាគខាងជើងប្រទេសអូស្ត្រាលី នឹងដាក់មូលដ្ឋានសំខាន់ៗជាច្រើននៅក្នុងតំបន់ដែលត្រូវបានគេព្យាករណ៍ថានឹងក្លាយទៅជាស្ទើរតែមិនអាចរស់នៅបាន ប្រសិនបើការឡើងកំដៅផែនដីឡើងដល់ ២,៧ អង្សាសេខាងលើកម្រិតមុនឧស្សាហកម្ម៕ ប្រែសម្រួល ឈូក បូរ៉ា

To Top