ហ្គាហ្សា៖ ចលនាអ៊ីស្លាមប៉ាឡេស្ទីនហាម៉ាស់ បានឲ្យដឹងថា ការចរចាបទឈប់បាញ់ជាមួយអ៊ីស្រាអែល នឹងត្រូវផ្អាក ប្រសិនបើអ៊ីស្រាអែលវាយប្រហារទីក្រុងរ៉ាហ្វា នៅភាគខាងត្បូងតំបន់ហ្គាហ្សាស្រ្ទីប។
លោក Osama Hamdan មន្ត្រីជាន់ខ្ពស់របស់ហាម៉ាស់ បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ al-Manar ដែលមានមូលដ្ឋាននៅលីបង់ថា ក្រុមហាម៉ាស់ នឹងបញ្ឈប់រាល់ការចរចាដោយប្រយោលជាមួយអ៊ីស្រាអែល ប្រសិនបើខ្លួនបើកប្រតិបត្តិការយោធាប្រឆាំងនឹងទីក្រុងរ៉ាហ្វា។
ដោយចោទប្រកាន់អ៊ីស្រាអែលថា កំពុងស្វែងរក “បង្ខូចគ្រប់ភាគីដោយការគំរាមកំហែងរបស់ខ្លួនក្នុងការវាយប្រហារទីក្រុងរ៉ាហ្វា” មន្ត្រីហាម៉ាស់ បានសង្កត់ធ្ងន់ថា “ការតស៊ូនៅតែមានអំណាចដើម្បីការពារប្រជាជនរបស់យើង” ។
លោក Hamdan បានកត់សម្គាល់ថា មេដឹកនាំក្រុមហាម៉ាស លោក Yahya Sinwar និងកងពលតូច Al-Qassam ដែលជាស្លាបយោធារបស់ក្រុមហាម៉ាស់ បានរក្សាទំនាក់ទំនងជាមួយក្រុមនយោបាយរបស់ក្រុមហាម៉ាស់ ហើយត្រូវបានគេជូនដំណឹងអំពីស្ថានភាព ដែលកំពុងបន្តនៅលើដី។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា អ៊ីស្រាអែលនឹងចូលទៅក្នុងទីក្រុងរ៉ាហ្វា និងលុបបំបាត់កងវរសេនាតូចហាមស់ នៅទីនោះ “ដោយមាន ឬគ្មាន” កិច្ចព្រមព្រៀងជាមួយក្រុមហាម៉ាស់៕ប្រែសម្រួល ឈូក បូរ៉ា